ភ្នំពេញ÷អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋអស់ មួយខ្នង និងបានរាលដាលដល់ផ្ទះចំនួន ២ខ្នងទៀតបណ្តាលឲ្យរងការខូចខាត ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ២០និង៥០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៦គ្រឿង។
ដោយនៅក្នុងប្រតិបត្តិការនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។
ក្រោយពី ទទួលបាននូវបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បបានដឹកនាំលោកនាយរងការិយាល័យលោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីជំនាញទាំងអស់ ចុះប្រតិបត្តិការភ្លាមៗ ដោយក្នុងនោះ បានបញ្ជាគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ៦៣ឡាន នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៩គ្រឿង ប្រេីប្រាស់ទឹកអស់ ២៧ឡាន រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនេីប អូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងសមត្ថកិច្ចរបស់យេីងបានធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២៣និង៥០នាទី នាថ្ងៃខែឆ្នាំដដែរ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ ចំណែកឯ មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕