ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តឆ្លងផ្លូវក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង កាលពីវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបវត្តអង្គតាមិញ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត toyota Highlanderពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6960 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ2004 ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចស្តុបវត្តអង្គតាមិញ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក toyota tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3581 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត toyota highlander ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយសន្ទុះ ដោយភាគទីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមិន ត្រូវទើបសមត្ថកិច្ចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់ដោយ៕ ដោយ៖ និន សុភ័ស្ត