ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា ខេត្តបានជាប់ឈ្មោះ ជាខេត្តអធិរាជពងទាកូន ដោយសារនាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ ហើយបានដាក់រហ័សនាមឲ្យបែបនេះ។
ក្នុងសន្និសទីសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ” នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ូច ភា បានឲ្យដឹងថា ពងទាកូនស្រែននោង ក៏ជាផលិតផលកសិកម្ម របស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ជាប់ជាផលិតផល នៃភូមិមួយផលិតផលមួយរបស់ខេត្ត។
លោកបន្តថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើង ដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រង ជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទា យកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង និងបញ្ចេញលក់លើទីផ្សារ។ លោកបញ្ជាក់ថា បច្ចុប្បន្ន ពងទាកូនស្រែននោង ត្រូវបានផ្គង់ផ្គង់លើទីផ្សារ ទូទាំងប្រទេស ដែលបានចូលរួមបង្កើតការងារ និងចំណូលជាច្រើន ព្រមទាំងលើកកម្ពស់ កម្រិតជីវភាពកសិករ នៅឃុំស្រែននោង កាន់តែធូរធាឡើងជាលំដាប់។
លោកបន្ថែមថា “សព្វថ្ងៃទូទាំងខេត្តតាកែវ មានទាចំនួន១,៦១២,៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋាន ចំនួន១៧២កន្លែង និងកន្លែងភ្ញាស់ពងទា ចំនួន៧២កន្លែង ហើយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អភិបាលខេត្តតាកែវ ជាអធិរាជពងទាកូន”។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអះអាងថា ខេត្តតាកែវត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ ហើយបង្កងទឹកសាប ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា។
បង្កងខេត្តតាកែវ ក្លាយជាផលិតផលដែលត្រូវបានទទួលស្គាល់ថាជាផលិតផលប្រចាំខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកពីទូទាំងប្រទេស ទាំងភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត និង មកភ្លក់រសជាតិ មុខម្ហូបបង្កងដ៏មានឱជារសឆ្ងាញ់ពិសេស និងមិនអាចបំភ្លេចបាន។
ទាក់ទងវិស័យកសិកម្មលោកបញ្ជាក់ថា ខេត្តមានផ្ទៃដីសម្រាប់ធ្វើកសិកម្មសរុបចំនួន ៣.៧៥៤,៤៣គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីដែល មានសក្តនុភាពក្នុងការផលិតកម្មកសិកម្មចំនួន ២៦៤.០០០ហិកតា ក្នុងនោះសម្រាប់ធ្វើស្រូវវស្សាមានចំនួន១៨០ ០០០ ហិកតា និង សរូវរដូវប្រាំង មានចំនួន៨០ ០០០ ហិកតា។
លើសពីនេះទៀត ចំពោះការងារដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋវិញ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ដោះស្រាយបានចំនួន៤៣៩ករណី លើពាក្យបណ្ដឹងសរុបចំនួន៩៥៩ករណី។ ក្នុងនោះ បានច្រានចោលពាក្យបណ្ដឹងចំនួន ៤០៣ករណី, ដកពាក្យបណ្ដឹងវិញ ចំនួន៩២ករណី, បានបញ្ជូនទៅ គ.ជ.ម ចំនួន៥ករណី, កំពុងដោះស្រាយបន្តចំនួន១៧ករណីផងដែរ៕