(ភ្នំពេញ) ងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសបានឲ្យដឹងថា ឯកឧត្តម វ៉ាង យី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ការមកនេះតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនេះឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ឯកឧត្តម នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជ កម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់ – ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោដែលនឹងក្លាយជាទីតាំងសំខាន់ សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន។
បើតាមសេចក្តីប្រកាសរបស់ ស្ថានទូតចិនប្រចាំនៅកម្ពុជា, ចាប់ពីថ្ងៃទី១០ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត ដែលក្នុងនោះរួមមានវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ៕