ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២៦នាក់ថ្មីទៀត ជាករណីនាំចូល ហើយក្នុងថ្ងៃនេះដែរ ក្រុមគ្រូពេទ្យ បានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន៤នាក់ផងដែរ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៊ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា ថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី ២៦នាក់ និងជាសះស្បើយ៤នាក់។រហូតដល់ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២១ កក្កដា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀត (ជាករណីនាំចូល ជាជនជាតិខ្មែរទាំងអស់ ត្រឡប់មកពីប្រទេសរុស្ស៊ី២១នាក់ និងប្រទេសអេស្ស៊ីប៥នាក់) ដូច្នេះចំនួនសរុបកូវីដ-១៩ កើន១៩៧នាក់ ជាសះស្បើយ៤នាក់ ចំនួនសម្រាកនៅពេទ្យ៥៧នាក់ ចំនួនជាសះស្បើយសរុបចំនួន១៤០នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 53379 ស្មើនឹង 3215 ក្នុង១លាននាក់៕ ដោយ៖ទូច រ៉ាវុធ