កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំថ្លែង ព្រមានដល់មន្ត្រីគ្រប់រូបត្រូវការពារផលប្រយោជន៍រាស្ត្រដោយស្របច្បាប់ មិនមែនការពាររាស្ត្រដោយខុសច្បាប់ទេ ។
ការថ្លែងយ៉ាងដូច្នេះក្នុងការប្រកាសតែងតាំង លោក សាយ គឹមឡម ជាអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី ដែលត្រូវទៅបម្រើការនៅសាលាខេត្តកំពង់ធំ ប្រកាសលោក តង់ គឹមតុលា ជាអភិបាលស្រុកប្រាសាទសំបូរថ្មីជំនួស លោកអ៊ុត វណ្ណរ៉ា ទៅជាអភិបាលស្រុកសណ្តាន់វិញ ។
ដោយមានការចូលរួមពីលោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីមន្ត្រីរាជការក្នុងស្រុកស្ទោងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ នៅសាលាស្រុកស្ទោង។
លោកសុខ លូ អភិបាលខេត្តកំពង់ធំបានបន្តថា កងកម្លាំងទាំងអស់មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តនោះទេគឺស្តាប់មេកើយរបស់ខ្លួន និងគណបញ្ជាការឯកភាពក្រុងស្រុក ហើយ អភិបាលក្រុង ស្រុកត្រូវក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ ។
ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាន នូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។
អភិបាលខេត្តកំពង់ធំបន្ថែមថា មន្ត្រីទាំងអស់គប្បី យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។
ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា បញ្ហាជម្ងឺកូវីដ១៩នេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក បានកំពុងតែយកចិត្តទុកដាក់បំផុត និងអំពាវនាវសម្បុរសជនជួយឧបត្ថម្ភ បន្ថែមលើគោលរបបដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជួយឧត្តមក្នុងមួយថ្ងៃ ២ម៉ឺនរៀលដល់ អ្នកដែលពាក់ព័ន្ឋនិងជម្ងឺកូវិដ១៩ ដើម្បីទប់ស្កាត់ការពារជម្ងឺនេះបាន គឺត្រូវតែអនុវត្តឲ្យបាននូវវិធានការ៣កុំ៣ការពារ របស់សម្តេចតេជោហ៊ុន សែន និងត្រូវផ្សព្វផ្សាយឲ្យបានគ្រប់ទីកន្លែង រួមទាំងអំពាវនាវដល់មន្រ្តីរាជការឲ្យមកចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ តាមពេលវេលាដែលរដ្ឋបាលខេត្តបានកំណត់។
ជាមួយគ្នានោះដែរលោកអភិបាលស្រុកថ្មី ស្រុកស្ទោង និងស្រុកប្រាសាទសំបូរ ជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម: ១- ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆ្លើយតបឲ្យបានទាន់ពេល។
២-ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋាន
៣-ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើ។
៤-ប្តេជ្ញាអនុវត្តអភិក្រមទាំង៥របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៥-ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដោយការទទួលខុសត្រូវខ្ពស់៕