ភ្នំពេញ ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាម៉ោង៤៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើឲ្យមនុស្សប្រុស៤នាក់ស្លាប់ និងរងរបួសម្នាក់ ព្រមទាំងឆេះរថយន្ត និងម៉ូតូទាំងអស់៩គ្រឿងផងដែរ។ នេះបើតាមការចុះផ្សាយ របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។
អ្នកស្លាប់ទាំង៤នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកអ្នករបួសស្រាលមានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ។
ផ្ទះដែលឆាប់ឆេះនោះធ្វើពីថ្មបេតុង ទំហំ៩ម៉ែត្រ គុណ៣០ម៉ែត្រ ចំនួន៣ជាន់។ ខូចខាតសម្ភារដូចជា៖ ផ្ទះត្រូវខូចខាតទាំងស្រុង ឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8233 ចំនួន១គ្រឿង ឆេះរថយន្ត Luxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AL-1158 ចំនួន១គ្រឿង និងឆេះម៉ូតូសរុបចំនួន ៧គ្រឿង ដោយអគ្គិភ័យពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងនោះ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៣៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣៨គ្រឿង ស្មើនឹង ១៥២ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ពន្លត់ មានខាងក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន សើ្មនឹង ១២ម៉ែត្រគូប៕