សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាស “ ទិវាសេរីភាពសារព័ត៌មានពិភពលោក ” លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ឲ្យតម្លៃដ៏ធំធេង ចំពោះស្ថាប័នសារព័ត៌មាន ដោយសម្តេចតេជោ សូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំចូលរួម បំពេញការងារ ជូនសង្គម ក្នុងការបំពេញភារកិច្ច ហើយដកស្រង់បទពិសោធន៍នេះ បង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួនទៅថ្ងៃអនាគត ដែលអាចប្រឈមទៅនឹង ជំងឺឆ្លងរាតត្បាត សកលថ្មី ដែលមិនអាចប៉ាន់ស្មានបាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពភាព រដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ជនរួមជាតិបានជ្រាបច្បាស់។
សម្តេចបន្តថា ខ្ញុំសូមរំលឹកជាថ្មីម្តងទៀត ដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ច លើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក សូមយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយបំពានទៅលើសិទ្ធិបុគ្គលឯកជន ដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរចលាចល នៅក្នុងសង្គម។
ទន្ទឹមនេះក៏សូមបន្តចូលរួម ប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងក្លាយ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយជនអគតិ ដែលតែងតែប្រឆាំង នឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន ជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តី ថ្ងៃថ្នូរ កិត្យានុភាព របស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាព ដ៏គ្រោះថ្នាក់នេះ វិស័យ និងប្រទេសជាតិ នាពេលកន្លងមក ដែលទោះបីសភាពការណ៍ នៅលើសកលលោក ក៏ដូចជានៅក្នុង ព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មាន បានខិតខំពុះពារជំនះរាល់ឧបសគ្គ ប្រឈមនឹងគ្រោះថ្នាក់បំពេញការងារ របស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនសាធារណជន បានយល់ដឹងពីសភាពការណ៍ ពិតដែលបានកើតឡើង នៅក្នុងប្រទេស និងការវិវត្តនៃសភាពការណ៍ នៅលើសកលលោកយ៉ាង ទូលំទូលាយ និងរហ័សទាន់ពេលវេលា ជាពិសេសវិធានការ បង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល និងវិធានការ របស់រាជរដ្ឋាភិបាល ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងប្រទេស និង វិធានការនានា ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បងប្អូនអ្នកសារព័ត៌មានទាំងអស់ ជាទីស្រឡាញ់រាប់អាន ! ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែង ក្នុងការផ្តល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការ ជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបិទខ្ទប់ ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ នៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។
ខ្ញុំសូមបញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាល តែម្នាក់ឯង ពិតជាមិនអាចទទួលបានជោគជ័យ ដោយគ្មានការចូលរួម ពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្ត តាមវិធានការ របស់រាជរដ្ឋាភិបាល និងវិធានការបង្ការ ជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាជម្រើសដ៏ល្អមួយ រួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូរ របៀបរស់នៅមានវិន័យតាមបែបគន្លងថ្មី ដែលអាចជួយការពារ ឱ្យប្រជាពលរដ្ឋយើង រួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បីឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅថ្ងៃអនាគត។
ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំ ស្ថាប័នសារព័ត៌មាន ទាំងអស់បង្កើនការយកចិត្តទុកដាក់ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មាន ឱ្យមានការអភិវឌ្ឍខ្លួន ដើរទាន់ការរីកចម្រើនបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីសម្រួលដល់ការបំពេញភារកិច្ច មានប្រសិទ្ធភាព ព្រមទាំងចូលរួមអនុវត្តវិធានការបង្ការ ជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានហ្មត់ចត់ ខ្ជាប់ខ្លួន និងផ្លាស់ប្ដូររបៀបរស់នៅ មានវិន័យតាមគន្លងថ្មី ដើម្បីធានាសុវត្ថិភាព។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជោគជ័យ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងសូមប្រកបពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕