ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នៅសាលាខេត្តព្រះវិហារមានបើកសិក្ខាសាលាស្តីពីការប្រសិទ្ធភាពពង្រឹងយន្តការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឯកឧត្តម មុត វិសុទ្ធនា អភិបាលរង តំណាងប្រធានគណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារដោយមានការចូលរួមពីតំណាងពីតំណាងស្ថាប័ន អង្គភាពត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ជាតិ គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ ស្រុកជាំក្សាន្ត ស្រុកឆែប ឃុំជាំក្សាន្ត ឃុំកំពង់ស្រឡៅ ។
ឯកឧត្តម មុត វិសុទ្ធនា អភិបាលរង តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារបានមានប្រសាសន៍ថាខេត្តព្រះវិហារនៅតែបន្តទទួលរងគ្រោះនូវការចរាចរគ្រឿងញៀនឆ្លងកាត់ពីឈ្មួញជួញដូរពីតំបន់ត្រីកោណមាសនិងប្រទេសឡាវតាមផ្លូវទឹកគោក ផ្លូវទឹកដែលសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបានសហការរួមគ្នាបង្ក្រាបទប់ស្កាត់។ ជាកស្តែង៩ខែ ឆ្នាំ២០២០ ខេត្តព្រះវិហារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ៨៦.១៧៤នាក់ បង្ក្រាបបាន២៥ករណី ឃាត់ខ្លួនបាន៥៩នាក់ និងបានព្យាបាលអ្នកញៀនចំនួន១១នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី បានប្រសាសន៍ថា ការរៀបចំភូមិ ឃុំសង្កាត់ ស គ្មានគ្រឿងញៀន គឺឈរលើគោលការណ៍ប្រមូលផ្តុំនូវកម្លាំងសរុបដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាលក្ខណពហុវិស័យគ្រប់ជ្រុងជ្រោយ និងទូលំទូលាយប្រកបដោយសមធម៌ មិនរើសអើង និងគោរពសិទ្ធិមនុស្សនៅមូលដ្ឋាន ក្នុងគោលបំណងពង្រឹងការទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន រួមចំណែកលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកស្ទួយសុខុមាលភាព ជីវភាព ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កសាងបានតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា មានប្រសាសន៍បន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀនអាចធ្វើបានទាំងអស់គ្នារួមទាំងប្រជាពលរដ្ឋគ្រប់រូបក្នុងសហគមន៍មូលដ្ឋានដោយគ្រាន់តែចាប់បានហើយប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ និងបានសាទរចំពោះកិច្ចខិតខំរបស់អ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាដោយប្រើប្រាស់យន្តការដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋានភូមិស គ្មានគ្រឿងញៀនទាំង៣ មានភូមិឈើទាលគង ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត និងភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ៕