ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកទូរស័ព្ទពីស្ត្រីម្នាក់ បានសម្រេច ខណៈនាងកំពុងលង់លក់ក្នុងបន្ទប់ជួលដោយមិនបានបិទទ្វារ ហើយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោឡើង ត្រូវប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១១ ជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៉ឹម ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ អេង ស៉ីនន់ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១១ ជាន់ទី៣ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យលួចនោះ ម៉ាក Oppo។
តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានសម្រាកនៅក្នុងបន្ទប់ ដោយមិនបានចាក់កន្លឹះទេ ហើយទុកទូរស័ព្ទក្បែរខ្លួន ខណៈដែលលង់លក់ ស្រាប់តែលឺសម្លេងមនុស្សដើរ ពេលនោះគាត់ខំបើកភ្នែកមើល ក៏ឃើញជនសង្ស័យម្នាក់ ចូលមកធ្វើសកម្មភាពលួចយកទូរស័ព្ទគាត់ ហើយដើរចេញទៅ ភ្លាមនោះគាត់ក៏ងើបហើយស្រែឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងឃាត់ខ្លួនតែម្តង រួចប្រគល់ជូនសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕