ភ្នំពេញ ៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោកជាំ បានឈ្លោះជាមួយប្រពន្ធ ក៏បើកម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា លិចបាត់ស្រមោល ដោយបន្សល់ទុកនូវស្បែកជើងមួយគូ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីបងប្រុសបង្កើតឈ្មោះ សំ ឧត្ដម បានប្រាប់ឲ្យដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ មានឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ។ មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពដដែលបានបន្តថា មុនកើតហេតុ គឺបុរសគិតខ្លីខាងលើ និងប្រពន្ធ បានទៅផឹកស៊ីនៅផ្ទះគាត់ ក្នុងសង្កាត់ព្រែកលាប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ឲ្យម្តាយនៅថ្ងៃទី៧ ខែមករា ខណៈពេលហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នា ជាមួយប្រពន្ធគាត់ ហើយប្អូនប្រុសគាត់ខឹងក៏ឡើងបើកម៉ូតូកង់បីចេញទៅបាត់ ដោយមិនប្រាប់អ្នកណាឡើយ លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះ ប្រាប់ថា បុរសនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺពួកគាត់ឃើញបុរសខាងលើ ជិះម៉ូតូកង់មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1HJ-8498 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ទិសដៅពីកើតទៅលិច មកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូកង់បីអែបកៀន រួចក៏លោតចុះតែម្តង ដោយបន្សល់ទុកស្បែកស៊កមួយគូ នៅក្បែរបង្កាន់ដៃស្ពាន និងម៉ូតូកង់បីមួយគ្រឿង ។
ក្រោយកើតហេតុ នៅសល់ម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់ ដើម្បីយកម៉ូតូកង់បីនោះត្រឡប់ទៅវិញ ចំណែកប្រពន្ធបានត្រឹមស្តាយស្រណោះ និងជួលទូកគេស្វែងរកសពបុរសនោះ មកធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណោះ៕