ព័ត៌មានជាតិ

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញលទ្ធផលតេស្ដលើកទី១ អ្នកពាក់ព័ន្ធនៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» ស្រុកស្នូល ចំនួន៧៣នាក់ អវិជ្ជមានជំងឺកូវីដ-១៩

ក្រចេះ ៖ លទ្ធផលតេស្ដលើកទី១ ដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា អ្នកពាក់ព័ន្ធនៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន៧៣នាក់ អវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

អ្នកទាំង៧៣នាក់នេះ ត្រូវបានមន្ទីរសុខាភិបាលខេត្តក្រចេះ យកសំណាកទៅធ្វើតេស្ដកាលពីល្ងាចថ្ងៃទី០៩ និងព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីជំងឺកូវីដម្នាក់ ឈ្មោះ អិត កុម៉ាល បានទៅស្នាក់នៅមួយយប់ ហើយបានបន្ដដំណើរទៅខេត្តមណ្ឌលគិរី។

បើទោះបីលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្នសណ្ឋាគារ «ចម្ប៉ាពេជ្រ» ត្រូវផ្អាកអាជីវកម្មបណ្ដោះអាសន្ន តាមការណែនាំរបស់ក្រសួងសុខាភិបាល រយៈពេល១៤ថ្ងៃ ហើយបុគ្គលិក និងអ្នកពាក់ព័ន្ធក៏ត្រូវធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ។ បន្ថែមពីនេះ អ្នកដែលពាក់ព័ន្ធ ក៏ត្រូវធ្វើតេស្ដទៅតាមចំនួនកំណត់ដូចគ្នាដែរ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកស្នូល និងប្រជាពលរដ្ឋរស់នៅខេត្តក្រចេះទាំងអស់ កុំមានការភិតភ័យ ឬច្រួលច្របល់ ព្រោះស្ថានការណ៍នេះរាជរដ្ឋាភិបាលអាចគ្រប់គ្រងបាន ហើយណាមួយនៅស្រុកស្នួល មិនទាន់មានអ្នកឆ្លងនោះទេ។

មន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្ដការប្រុងប្រយ័ត្នរក្សាអនាម័យ ពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសាធារណៈ ហើយមិនចាំបាច់សូមកុំចេញក្រៅផ្ទះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានចំនួនសរុប៤០នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *