ភ្នំពេញ៖សារសំឡេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ នាយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ករណីថាតើអ្នកណាគួរទទួលបានវ៉ាក់សាំងមុនគេ? សម្ដេចតេជោថ្លែងថា គ្រូពេទ្យត្រូវចាក់ វ៉ាក់សាំងមុនគេ និងបន្ទាប់មកគ្រូបង្រៀន។ បើតាមសម្តេចតេជោ មិនទាន់ប្រាកដថាតើត្រូវទិញវ៉ាក់សាំងកូវីដ១៩នៅប្រទេសណាមួយនោះនៅឡើយទេ។
សម្តេចតេជោ បានមានប្រសាសន៍ថា មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ ហើយថានរណាដែលត្រូវចាក់មុនគេ គឺសំដៅទៅលើគ្រូពេទ្យ ព្រោះគ្រូពេទ្យប្រឈមនឹងគ្រោះថ្នាក់ជួរមុខ និងបន្ទាប់មកគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ កងទ័ព អាវុធហត្ថ នគរបាល មន្រ្តីពន្ធនាគារជាដើម ដែលអ្នកទាំងនោះ ប្រឈមជាមួយនឹងហានិភ័យខ្ពស់ ។ បន្ទាប់មក គឺមន្រ្តីយុត្តិធម៌ មន្រ្តីជលផល មន្រ្តីអនុរក្ស មន្រ្តីបរិស្ថាន មន្រ្តីតុលាការ មេធាវី បើគិតតួលេខគឺជិតអស់៤០ម៉ឺនដូស និងនៅសល់ប្រហែលជាខ្ទង់ជាង១០ម៉ឺនដូសទៀត នឹងត្រូវចាត់ចែងពិនិត្យមើលតាមការជាក់ស្តែង ជាពិសេសក្រសួងសុខាភិបាលជាអ្នកសម្រេច។
ចំណែកដំណាក់កាលទី២ ដោយមានការស្នើសុំជំនួយ ឬការទិញបន្ថែមរបស់រាជរដ្ឋាភិបាល យើងនឹងគិតបន្តទៅទៀតថាតើត្រូវចាក់នៅតំបន់ណាមុន តំបន់ណាក្រោយ ដូចជា និស្សិតទាំងរដ្ឋនិងឯកជន សាលាបង្រៀនបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករសំណង់ កម្មករដទៃទៀត នៅតាមទីក្រុង និងទីប្រជុំជន សំដៅទៅដល់កន្លែងមានហានិភ័យ និងអ្នកមានហានិភ័យ
កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។
ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។
ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន
ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។
ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។
យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕