ព័ត៌មានជាតិ

ស្រឡាញ់គ្នា​រយៈពេល​ប្រហែល​១០​ឆ្នាំ ទើបតែ​បែក​គ្នា​រយៈពេល​កន្លះ​ខែ​ជនរងគ្រោះ​មក​ផ្ទះ​រើ​អីវ៉ាន់​និង​ផឹកស៊ី​លាគ្នា ខាង​ប្រុស​ចាក់​ខាង​ស្រី​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ចាក់​ខ្លួនឯង​រងរបួស​ធ្ងន់​


​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​សង្ស័យ​ចាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​បាន​ចាក់​ខ្លួនឯង​បណ្តាល​ឲ្យ​របួសធ្ងន់​។ ហេតុការណ៍​បានកើត​ឡើង​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​នឹង​២០​នាទី ត្រង់ចំណុច​ផ្ទះ​លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹម​ឈាង​ហាក់ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ (​សព​)​ឈ្មោះ វង្ស ម៉ា​លីដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​អន​ឡាញ ស្នាក់នៅ​ផ្ទះជួល លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹម​ឈាង​ហាក់ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ឈ្មោះ ឯក​ឌៀ​ម វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹម​ឈាង​ហាក់ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ មន្ទីរពេទ្យ​លោកសង្ឃ​) ។​

​វត្ថុតាង​ចាប់យក​៖ កូនកាំបិត​ចិតបន្លែ​ចំនួន​១​។​

​លោក​អធិការ​បាន​បន្តថា កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​នឹង​២០​នាទី ជនរងគ្រោះ​(​សព​)​ឈ្មោះ វង្ស ម៉ា​លីដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ បាន​នាំ​ប្អូនប្រុស​ម្នាក់​ឈ្មោះ វង្ស សិរី​រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បើក​កង់​បី​ឥណ្ឌា ឌុប​គ្នា​មក​ប្រមូល​អ៊ី​វ៉ាន់ របស់​ជនរងគ្រោះ​ដឹក​ចេញពីផ្ទះ​ជួល​លេខ​2D ផ្លូវ​លេខ​៤ បុរី​លឹម​ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពេលនោះ​ជនរងគ្រោះ​បាន​រើ​អ៊ី​វ៉ាន់ដា​ក់លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​រួចហើយ​បាន​រៀប​តុ​ផឹកស៊ី​លាគ្នា​ជាមួយ​ជនសង្ស័យ​ឈ្មោះ ឯក​ឌៀ​ម វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​ត្រូវជា​សង្សារ​ប​ស់ជន​រងគ្រោះ ដែល​បាន​ស្រឡាញ់គ្នា​រយៈពេល​ប្រហែល​១០​ឆ្នាំ​មកហើយ ទើបតែ​បែក​គ្នា រយៈពេល​កន្លះ​ខែ​) ការផឹកស៊ី​នោះ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ហៅ​មិត្តភក្តិ​មក​ចូលរួម​ថែមទៀត​មាន​គ្នា​ទាំងអស់​ចំនួន​៥​នាក់ ទី​១-​ជនរងគ្រោះ ទី​២-​ជនសង្ស័យ ទី​៣-​ឈ្មោះ នុត សុជាតា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ (​មិត្តភក្តិ​របស់​ជនរ​ង​គ្រោះ​). ទី​៤-​ឈ្មោះ វង្ស សេរី​រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ប្អូនប្រុស​បង្កើត​របស់​ជនរងគ្រោះ​), ទី​៥-​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស (​មិត្តភក្តិ​របស់ ជនសង្ស័យ​)​។​
​ពេល​ផឹកស៊ី​ជនរងគ្រោះ និង​ជនសង្ស័យ រួមជាមួយ​នឹង​ប្អូន​ជនរងគ្រោះ​ផឹកស្រា​ក្រហម ចំណែក​២​នាក់​ទៀត ផឹក ស្រា​បៀរ Ganzberg ដល់​ម៉ោង​កើតហេតុ ជនរងគ្រោះ​បានឱ្យ​ប្អូនប្រុស​ឈ្មោះ វង្ស សេរី​រតនៈ ដឹក​អ៊ី​វ៉ាន់​យកទៅ​ទុក​សិន ហើយ​មិត្តភក្តិ​របស់​ជនសង្ស័យ​ម្នាក់ទៀត​ក៏បាន​ចេញទៅ​បាត់​ដែរ នៅសល់តែ​ជនរងគ្រោះ និង​ជនសង្ស័យ ជាមួយ​ឈ្មោះ នុត សុជាតា ហើយ ឈ្មោះ នុត សុជាតា ក៏បាន​ដើរទៅ​ចៀនត្រី​នៅ​កន្លែង​ដាំ​ស្ល​ខាងក្រោយ ស្រាប់តែ​ឮសូរ​សំឡេង​ប្រាវ ក្រឡេកមើល​មក​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​នៅក្នុង​ថ្លុកឈាម ហើយ​ជនសង្ស័យ​កំពុងតែ​កាន់​កាំបិត​ដង​ជ័រចុង​ស្រួច ប្រវែង​ប្រហែល​៣០​សង់ទីម៉ែត្រ ធ្វើ សកម្មភាព​ចាក់​លើ​ខ្លួនឯង (​ជនសង្ស័យ​) បណ្តាលឱ្យ​ដួល​ដេក​នៅលើ​ថ្លុកឈាម​ទាំង​២​នាក់ ។​
​បន្ទាប់មក​ឈ្មោះ នុត សុជាតា ក៏បាន​រត់ចេញ​ទៅខាង​ក្រៅ​ស្រែក​ឆោឡោ​ឱ្យ​អ្នកជិតខាង ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ បាន​ចុះទៅ​ជួយ អន្តរាគមន៍ នាំ​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​គ្គី​និក​សួគ៌ា ស្ថិតនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ រួច​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ ហើយ​បាន​រាយការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ តុលាការ ឱ្យ​ចុះមក​សហការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ។ ក្រោយពី​ពិនិត្យ​រួច​បានឃើញ​មាន​ស្លាកស្នាម​លើ ជនរងគ្រោះ ចំនួន ៣​កន្លែង ទី​១.​ស្នាម​ដាច់​ឆូត​លើ​បាតដៃ​ខាងឆ្វេង​១​កន្លែង ទី​២.​ស្នាម​ដាច់​ឆូត​លើ​បាតដៃ​ខាងស្តាំ​១​កន្លែង ទី​៣.​ស្នាម​ចាក់ ចំក​ខាងស្តាំ​ធ្លុះ​ទៅខាង​ក្នុង​១​កន្លែង បណ្តាលឱ្យ​ហូរឈាម​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែងកើតហេតុ​។​
​ចំណែក​ជនសង្ស័យ មាន​របួស​ចំនួន ២​កន្លែង ទី​១.​ស្នាម​អា​រក​ខាងឆ្វេង​១​កន្លែង ទី​២.​ស្នាម​ចាក់​ចំ​លើ​ដោះ​ខាងឆ្វេង​១​កន្លែង រងរបួស​ធ្ងន់ធ្ងរ​។ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន (​គ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ភ្នំពេញ​) បាន​សន្និដ្ឋានថា ជនរងគ្រោះ បាន​ស្លាប់ ដោយសារ​ការ​ចាក់ក រួច​សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ជនរងគ្រោះ ឱ្យទៅ​ឈ្មោះ វង្ស សេរី​រតនៈ (​ប្អូនប្រុស​បង្កើត​របស់​ជនរងគ្រោះ​) យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្តង ៕ ដោយ​៖​កូ​ឡាប​

adm

Leave a Reply

Your email address will not be published. Required fields are marked *