ព័ត៌មានជាតិ

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖ អង្គរក្ស​ការពារ​ផ្ទាល់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ស្ថិតក្នុង​ភាពល្អប្រសើរ​


​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ស្ថានភាព​សុខភាព​បុរស​ជា​អង្គរក្ស​ការពារ​ផ្ទាល់​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ត្រូវបាន​រកឃើញថា វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ស្ថិតក្នុង​ភាពល្អប្រសើរ​។​

​លោកជំទាវ បាន​គូសបញ្ជាក់ថា ៖ “​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ក្រុមការងារ​កំពុងធ្វើកា​រ​។ គ្រាន់តែ​សូមបញ្ជាក់ថា សុខភាព​អ្នកជំងឺ​នៅពេលនេះ មិនមាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពីស​ភាព​ធ្ងន់ធ្ងរ​នោះទេ​។ បច្ចុប្បន្ន គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​”​។

​បន្ទាប់​មានការ​ផ្សាយ​នូវ​សារ​សំឡេង​មួយ​ដែល​លើកឡើងថា តៃកុង​ឡាន​ដែល​បើកបរ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​ដែរនោះ ត្រូវបាន​លោកជំទាវ​អ្នកនាំពាក្យ បាន​បញ្ជាក់ថា “​ក្រសួង​មិនទាន់​ទទួលបាន​លទ្ធផល​វិភាគ​នៅឡើយ​ទេ​។ សុំ​រង់ចាំ​ការចេញផ្សាយ​របស់​រដ្ឋា​ភិ​បាល ឬ​របស់​ក្រសួងសុខាភិបាល ប្រសិនបើ​មាន​ការវិវត្ត​យ៉ាងណា​នោះ ហើយ​សុំ​មេត្តា​កុំ​ចែកចាយ​សារ​សំឡេង​នេះ​អី​ណា ដែល​មិនទាន់មាន​លទ្ធផល​ច្បាស់លាស់​ផង​”​។

​លោកជំទាវ​បញ្ជាក់​យ៉ាងខ្លី​ថា “​ខ្ញុំ​ស្នើសុំ​សាមីខ្លួន លុប​ការផ្សាយ​របស់ខ្លួន​ទាំងអស់​ជាបន្ទាន់​ផងដែរ​ណា ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​”​។

​លោកជំទាវ បាន​បន្ថែមថា ដោយឡែក​រាល់​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយ​បុរស​រូបនេះ ខាង​ក្រសួងសុខាភិបាល បាន និង​កំពុងតែធ្វើការ​ងារ​នេះ​ផងដែរ ហើយ​លោកជំទាវ​ក៏បាន​ស្នើឱ្យ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល ជាមួយនឹង​អ្នក​ដែល​បាន​បម្រើ​ការងារ​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី សូម​ទៅធ្វើ​តេស្ត​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ដើម្បី​ចៀសវៀង​ការព្រួយបារម្ភ និង​សង្ស័យ​អំពី​ស្ថានភាព​សុខភាព​របស់ខ្លួន​។​
​គួររម្លឹកថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មានការ​ភ្ញាក់ផ្អើល ហើយក៏​ជា​លើក​ទី​១ ដែល​កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ក្នុងចំណោម​អ្នក​ដែល​បានធ្វើ​តេស្ត​ប្រមាណ​ជាង ៩០០​នាក់ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា កន្លងមក​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *