November 05, 2020 48
ចែកចាយ
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុង៥សង្កាត់ ខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងលូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំតបណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរបែបនេះ នៅក្នុងវេទិការសាធារណៈ របស់ក្រុមប្រឹក្សារាជធានី កាលពីព្រឹកថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានពិភពថ្មីសែនសុខ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើតឆែអភិបាលរងរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។
លោក លី សំណាង ជាប្រជាពលរដ្ឋរស់នៅភូមិទ្រង់មាន់សង្កាត់ទឹកថ្លា បានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយស្ដារអណ្ដូងលូជាបន្ទាន់ ព្រោះបច្ចុប្បន្ន អណ្ដូងលូនៅភូមិរបស់គាត ត្រូវបានដីហូរចូលពេញអស់ហើយ ពេលភ្លៀងមកម្ដងៗ ទឹកហូអត់ទាន់ រួចលិចទឹក ដក់នៅលើផ្លូវ ធ្វើឲ្យលិចដល់ផ្ទះរបស់គាតយូថ្ងៃ ទើបស្រកទៅអស់ វាខុសកាលពីបីឆ្នាំមុន ពេលភ្លៀងមកម្ដងៗរយៈពេលតែកន្លះម៉ោងទឹកស្រកទៅវិញអស់ហើយ។
អ្នកស្រី សុខ ផាន្នី ជាប្រជាពលរដ្ឋរស់នៅភូមិវិមានទ្រង់ក្នុងសង្កាត់ភ្នំពេញថ្មី ក៏បានស្នើសុំឲ្យអាជ្ញាធរជួយស្ដារប្រឡាយចាស់ព្រៃក្លា ក្នុងភូមិសែនសុខ១ និង២ ដែលមានប្រវែងប្រមាណជាង១៥០០ម៉ែត្រ បច្ចុប្បន្នត្រូវបានគោករៈអស់ហើយ ទឹកអត់ហូរទេ ដោយសារ មានគ្រួសារខ្លះ រំលោភយកប្រឡាយ និងអ្នកខ្លះទៀត ចាក់ដីរំលោភលើប្រឡាយ សង់រោងលក់ដូរនៅលើ ប្រឡាយជាដើម ។ ជាមួយគ្នានេះដែរ ក្នុងនាម លោកស្រីតំណាងប្រជាពលរដ្ឋ៤ ភូមិក្នុងសង្កាត់ ភ្នំពេញថ្មី លោកស្រីស្នើឲ្យអាជ្ញាធរជួយ បង្ក្រាបល្បែងស៊ីសង(បៀ)ផង ព្រោះរាល់ថ្ងៃនេះ អ្នកលេងច្រើនទៅៗ កើតចោលូច ចោឆក់ ប្លន់យ៉ាងអាណាធិបតេយ្យ រាល់ថ្ងៃអាជ្ញាធរមិនអើពើអ្វីទាល់តែសោះ ។
ពាក់ព័ន្ធនិងសំណើររបស់ប្រជាពលរដ្ឋនេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានសន្យាថានិងយកសំណើរ សំណូមពរ របស់បងប្អូនទាំងអស់នេះ យកទៅពិភាក្សាជាមួយ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីធ្វើការដោះស្រាយជាបន្ទាន់ រាល់សំណើរតូចៗ ជូនបងប្អូនតាមក្រោយផងដែរ។ ដោយឡែករាល់សំណើរ របស់បងប្អូន ខ្លះត្រូវប្រើទឹកប្រាក់ច្រើន ហើយត្រូវមានគម្រោងច្បាស់លាស់ ដើម្បីធ្វើការអភិវឌ្ឍតាមក្រោយ។
លោក កើត ឆែ ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះសំណើរ និង កង្វល់ទាំងឡាយរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ ខណ្ឌ ព្រមទាំងទទួលយកនូវបញ្ហាទាំងនោះ ទៅថ្នាក់ជាតិ ដើម្បីពិនិត្យ និងដោះស្រាយជូនបងប្អូនជាបន្តបន្ទាប់ផងដែរ។
ឆ្លើយតបទៅនិងសំណើររបស់បងប្អូនប្រជាពលរដ្ឋនៅដ្ឋាននេះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ សែនសុខ ក៏បានដោះស្រាយជូនជាបន្ទាន់នូវបញ្ហាមួយចំនួនចំពោះមុខ មួយចំនួន ដែលជាលទ្ធភាព របស់អាជ្ញាធរខណ្ឌអាចធ្វើទៅបានមានកំរិត តែនៅមាន បញ្ហាមួយចំនួនដែលត្រូវរងចាំដោះស្រាយជាបណ្តើរៗ និងមានបញ្ហាធំៗជាច្រើនទៀត ត្រូវធ្វើការស្នើសុំបន្តទៅថ្នាក់រាជធានី ដើម្បីពិនិត្យនិងស្វែងរកលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋតាមក្រោយ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកានេះគឺមានបំណងឲ្យប្រជាពលរដ្ឋបញ្ចេញយោបល់ ដើម្បីឲ្យអាជ្ញាធរបាន ដឹងនិងដោះស្រាយជូនប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ ព្រោះការដឹកនាំបានល្អនិងជោគជ័យគឺអាស្រ័យដោយការទទួលបានព័ត៏មានច្រើន និងត្រឹមត្រូវច្បាស់លាស់ព្រមទាំងមានការ ចូលរួមពីប្រជាពលរដ្ឋ។ ការគ្រប់គ្រងណាក៏ដោយ បើដើរឆ្ងាយពីប្រជាពលរដ្ឋ គឺយើងអស់តំលៃហើយ សុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាការគិតគូររកដំណោះស្រាយរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។
លោក ប៉ា សុជាតិវង្ស ក៏បានស្នើឲ្យប្រជាពលរដ្ឋមិនថានៅក្នុងវេទិកាពិគ្រោះយោបល់ នៅពេលនេះឬនៅពេលក្រោយនោះទេត្ រូវចូលរួមបញ្ចេញយោបល់លើកសំណើរសំនួរ និងសំណូមពរឱ្យបានផុលផុស បើទោះបីយោបល់នោះ មានលក្ខណៈបែបសេរី យ៉ាងណាក្តី គឺប្រជាពលរដ្ឋមិនខុសទេ។គ្មានអ្វីប្រសើរជាជាងការជជែកគ្នា និងទទួលបានដំណឹង រវាង ប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានដឹងលឺ៕