ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាក់ថា «មានអ្នកធំ កំពុងសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា បណ្ដើរៗហើយ»

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាដីធ្លីទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំចេញប្លង់គោល​ពីឥឡូវនេះទៅ ដើម្បីបញ្ចៀសបញ្ហាស្មុគស្មាញ និងការតវ៉ានាពេលខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «បើមិនមានការកំណត់ប្លង់មេ ឬប្លង់គោល ឱ្យបានច្បាស់ទេនោះ បញ្ហាដីធ្លីនឹងកើតមានឡើងជាឧទាហរណ៍ដោយប្រយោលថា មានអ្នកធំកំពុងសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាបណ្ដើរៗហើយ»។

សម្តេចថ្លែងបន្តថា «ខាងនគរូបនីយកម្ម ការរៀបចំប្លង់គោលប្លង់ នៅកន្លែងមួយចំនួន ដែលជាប៉ូលអភិវឌ្ឍន៍អីហ្នឹង បើយើងមិនគិតពីឥឡូវទៅ ច្របូកច្របល់អស់ហើយ ហើយទៅមុខមិនងាយកែទេ មិនងាយកែហ្មង។ សម្តេចលើកជាឧទាហរណ៍ទៀតថា «ឥឡូវឧទាហរណ៍កំពង់សោម វាទៅអ៊ីចឹងហើយ (បញ្ហាដីធ្លី) ឥឡូវកែបានបណ្ដើរៗហើយ។ ខេត្តមណ្ដលគិរី ឧទាហរណ៍អ៊ីចឹងដែលថា ជាប៉ូលសេដ្ឋកិច្ចមួយដែរ ឥឡូវនាំគ្នាទៅចាប់ដីកំពុងមានរឿងមិនទាន់ដោះស្រាយផង ហើយសុទ្ធតែ (អ្នកមានអំណាច)ធំៗ ប៉ុន្តែប៉ុនណាខ្ញុំមិនដឹងទេ ដឹងតែធំៗ»។

សម្ដេច ស ខេង ក៏បានបញ្ជាក់ថា បញ្ហាដីធ្លីនេះ ជះរូបភាពអាក្រក់ណាស់ដល់សង្គម និងរដ្ឋាភិបាល ហើយសម្ដេចក៏រងកម្មដោយសារ បញ្ហាដីធ្លីនេះដែរ។ «ឥឡូវឮថា ទៅប្រជែងគ្នាចាប់ដី ខ្ញុំគឺជាអ្នករងកម្មទេ មែនទែនទៅនោះដោះ (ស្រាយ) រឿងដីហ្នឹង (ខ្ញុំ)រងកម្មចាំដោះឱ្យ»។ នេះជាការបញ្ជាក់របស់សម្តេច៕

adm

Leave a Reply

Your email address will not be published. Required fields are marked *