ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអគារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអគារសាលាយុត្តិធម៌ថ្មី និងមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC នារសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។
អគារសាលាយុត្តិធម៌ មានកម្ពស់៧ជាន់ គ្រោងនឹងចំណាយពេល ២ឆ្នាំកន្លះ ក្នុងការសាងសង់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរ ទីតាំងសាលាដំបូង រាជធានីភ្នំពេញ និងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បច្ចុប្បន្ន ព្រមទាំង សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បច្ចុប្បន្ន ទៅកាន់ទីតាំងថ្មី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC។
ការសម្រេចនេះ ធ្វើឡើងតបតាមសំណើសុំ ជាគោលការណ៍ របស់ក្រសួងយុត្តិធម៌ និងចំណារឯកភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ។
រាជរដ្ឋាភិបាលបានដោះដូរទីតាំងតុលាការក្រុងភ្នំពេញបច្ចុប្បន្នទៅឲ្យក្រុមហ៊ុន លី ឈួង ហើយក្រុមហ៊ុននេះ ជាអ្នកសាងសង់អគារថ្មីនៅតំបន់អភិវឌ្ឍន៍ OCIC ជ្រោយចង្វា៕ ដោយ៖ ទូច រ៉ាវុធ