ព័ត៌មានជាតិ

Update: ខ្មាន់កាំភ្លើង និងបក្ខពួក ៣នាក់ ដែលបាញ់ប្រហារជនជាតិចិន នៅក្រុងព្រះសីហនុ ត្រូវនគរបាលចាប់ខ្លួនហើយ និងបញ្ជូនទៅសាលាដំបូងខេត្ត


ព្រះសីហនុ ៖ ខ្មាន់កាំភ្លើង និងបក្ខពួកជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិន ទាំងព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ សរុបចំនួន៣នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ខ្មាន់កាំភ្លើង និងបក្ខពួក ដែលបាញ់ប្រហារជនជាតិចិននេះ ត្រូវបានចាប់ខ្លួនក្រោយកើតហេតុ ប្រមាណ១០ម៉ោង ពោលនៅថ្ងៃទី២១ ខែមករា ប៉ុន្ដែសមត្ថកិច្ចមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈនោះទេ ព្រោះត្រូវស្រាវជ្រាវបន្ដរកអ្នកពាក់ព័ន្ធ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រៅពីខ្មាន់កាំភ្លើង និងបក្ខពួកសរុប៣នាក់នេះ គឺនៅមានបក្ខពួកក្រុមជនដៃដល់ផ្សេងទៀត ដែលកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់បន្ដទៀតផងដែរ។ យ៉ាងណាមិញ មនុស្សទាំង៣នាក់ ដែលត្រូវចាប់ខ្លួនបាននេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ហើយក៏ត្រូវចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយដែរ។

គួរជម្រាបថា ជនជាតិចិនម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9459។ ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាព បានជិះរថយន្ដមួយ ហើយស្រាប់តែយកទៅផ្លុងរថយន្ដនោះចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។ ខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-1413៕

adm

Leave a Reply

Your email address will not be published. Required fields are marked *