កណ្តាល៖នគរបាលស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហសនាម «ស្អែកស្លាប់ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប តាមដីកា បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤០នាទីនៅចំណុចភូមិ តាជៃ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលជ្រៃលាស់ បានធ្វើការឃាត់ខ្លួនឈ្មោះប៉ូ ចាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរ សារព័ត៌មាន មានទីលំនៅភូមិ ព្រែកក្តាម ឃុំ កោះចិនស្រុកពញាឮ ខេត្ដកណ្ដាល ពីបទ៖ គំរាមកំហែង បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ កើតហេតុកាលពីថ្ងៃទី៥ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើបណ្តាញហ្វេកបុកឈ្មោះ ស្អែកស្លាប់ ស្អែកស្លាប់ តាម ដីកាលេខ ៤៩១ដ ក ប ច ខ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២០ របស់លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល តាមមាត្រា២៣១ , មាត្រា៣០៥ , មាត្រា៣០៧ , មាត្រា៤៩៤ , មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។
ករណីនេះបានបញ្ជូនមកអធិការដ្ឋាននគរស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី។
សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហសនាម ស្អែកស្លាប់ ស្អែកស្លាប់ នេះ គឺ បន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បានដកពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ ប៉ូ ចាន់នី បានសុំទោស និង ទទួលស្គាល់កំហុស ។
ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបានរលត់តាមរយៈការដកពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីឡើយ ៕