ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកនឹងបង្គោលដាក់ប្រអប់ភ្លើងពេញទំហឹង បណ្តាលឲ្យផ្នែងខាងមុខរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្តវិញរងរបួសស្រាល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១ និង០០នាទីយប់ឈានចូលថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០ ស្តិតនៅតាមបណ្តោយផ្លូវ ៣៦៩ សង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក វីហ្គោ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ នគបាល 2-8988 បើកបរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកជិតដល់ចំណុចកើតហេតុ ស្រាប់តែងោកមួយភាំង ងើបមកក៏រេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការគ្នាជាមួយនឹងជំនាញ ទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ ដោយសារតែប៉ះពាល់និងទ្រព្យសម្បត្តិរដ្ឋ៕