លោក ជា សុមេធី អភិបាលខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ បានសរសេរលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើឲ្យចាត់វិធានការចំពោះផលិតកម្ម មរតកមេឌៀ ដែលបានបង្ហោះឃ្លីបវីដេអូបទចំរៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា»។
អភិបាលខេត្តព្រៃវែងបានលើកឡើងថា អត្ថន័យឃ្លីបវីដេអូបទចំរៀងនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសតិអារម្មណ៍ប្រជាពលរដ្ឋខេត្តព្រៃវែង, ជាមួយគ្នានេះ ក៏ជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌មកលើប្រជាពលរដ្ឋខេត្តព្រៃវែង ក៏ដូចជាបង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជាតិកម្ពុជា។
លោក ជា សុមេធី បានស្នើដល់ក្រសួងចាត់វិធានការច្បាប់ចំពោះផលិតកម្ម ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឲ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស ហើយផលិតកម្មត្រូវលុបឃ្លីបវីដេអូ និងធ្វើការបកស្រាយសុំទោសជាសាធារណៈ៕