ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ ឃាត់រថយន្តធំៗដែលមិនស្តាប់តាមការជូនដំណឹង ឱ្យផ្អាកចរាចរណ៍តាមផ្លូវលិចលង់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវ

កំពង់ស្ពឺ​ ៖ ទោះបីជារដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងអំពីការផ្អាកចរាចរណ៍រថយន្តធុនធំៗ លើកំណាត់ផ្លូវមួយចំនួនរួចហើយក្ដី ក៏ក្រុមហ៊ុនរថយន្តធុនធំៗទាំងនោះ នៅតែផ្គើនមិនព្រមស្ដាប់តាម ហើយបែរជាបន្តការបើកបរបំពានដដែលជាដដែល ជាហេតុបណ្ដាលឱ្យផ្លូវដែលកំពុងជួបស្ថានភាពលំបាកស្រាប់នោះ រឹតតែរងការខូចខាតថែមទៀត។

ដោយមិនអាចបណ្ដាយឱ្យទង្វើគគ្លើននេះបន្តទៅទៀតបាន ទើបនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានចុះឃាត់រថយន្តធុនធំៗជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ត្រង់ម្តុំជិតផ្លូវបំបែកស្តុបថ្នល់ទទឹង។

វិធានការនេះគឺតបតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដែលសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។

ប៉ុន្តែទោះបីចេញសេចក្ដីជូនដំណឹងនេះហើយក្ដី ក៏នៅតែមានរថយន្តធំៗដែលគេសង្កេតឃើញដឹកសម្ភារសំណង់ជាច្រើនបន្តដឹកមិនគោរពតាមការជូនដំណឹងនេះសោះ ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ជាច្រើនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕  

adm

Leave a Reply

Your email address will not be published. Required fields are marked *