ភ្នំពេញ ៖ ចិត្តមនុស្សពិបាកនឹងស្មានដល់, នារីវ័យក្មេងម្នាក់ បានលង់ខ្លួននឹងប្រុសចិត្តអប្រិយ តែទីបំផុតបានធ្វើឱ្យនាងចាញ់បោកទាំងកាយ ទាំងចិត្ត និងបោកម៉ូតូម៉ាកស្យូមមើរមួយគ្រឿង យកទៅបាត់ហើយ គំរាមសម្លាប់ទៀត។ បន្ទាប់ពីដឹងដល់ក្រុមគ្រួសារ ស្រ្តីជាម្តាយក៍បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ជនដែលត្រូវបានខាងស្រីមកដាក់ពាក្យបណ្តឹងចោទប្រកាន់ ឈ្មោះ ញើង អ៊ាង អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិកោះចំការ ឃុំបឹង សាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនាងដែលលង់ខ្លួន ឈ្មោះ យ.ស.ង អាយុ២៣ឆ្នាំ ជាអ្នករត់តុនៅភោជនីយដ្ឋានមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមនារីរងគ្រោះ បានឱ្យដឹងថា នាងត្រូវបានបុរសរូបនោះ បោកយកម៉ូតូម៉ាកស្យូមមើរ ពណ៌លឿងលាយស សេរី២០១៧ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1N-2850 ហើយគំរាមសម្លាប់ទៀត។
តាមព័ត៌មានឱ្យដឹងទៀតថា នារីរងគ្រោះបានទំនាក់ទំនងស្គាល់បុរសរូបនោះ រយៈពេលប្រមាណជាង២ខែមកហើយ។ ដោយបុរសរូបនោះ ទៅលេងផ្ទះ និងបានលួងលោមសុំស្នេហា ជាហេតុធ្វើឱ្យនាងលង់ស្នេហ៍ ហើយបុរសនោះក៍បានបបួលនាងមករកការងារធ្វើនៅភ្នំពេញ ព្រមទាំងរស់នៅផ្ទះជួល នៅសង្កាត់ជ្រោយចង្វារ ដោយនាងធ្វើជាអ្នករត់តុ។ លុះនៅកំឡុងចុងខែកក្កដា បុរសរូបនោះក៍បានខ្ចីម៉ូតូជិះរយៈពេល៣ថ្ងៃថា ទៅធ្វើការ ហើយក៍យកទៅបាត់។ ក្រោយមកក៍បានលេចមុខត្រឡប់មកវិញ ហើយនារីរូបបានសួរនាំ ដោះសារថា ទុកនៅឃ្លាំងក្រោយមកថា យកទៅបញ្ចាំ។ នៅពេលនាងសួរនាំពីកន្លែងយកលុយទៅលោះ ក៍មិនបានប្រាប់ ហើយគេចរហូតមក។
តាមព័ត៌មានឱ្យដឹងទៀត ដោយសារតែនាងមិនដាច់ចិត្ត ហើយត្រូវបានជននោះគំរាមសម្លាប់ បើសិនជាប្តឹងសមត្ថកិច្ច ទើបភ្លាមៗមិនបានមកដាក់ពាក្យបណ្តឹងនោះទេ។
តាមព័ត៌មានឱ្យដឹងទៀត ទើបតែពេលថ្មីនេះ ក៍បានដឹងដល់គ្រួសារ ទើបនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្តាយបាននាំមកដាក់ពាក្យបណ្តឹង។
តាមក្រុមគ្រួសារនារីរងគ្រោះ ក៍បានសំណូមពរដល់សមត្ថកិច្ចមេត្រាជួយស្រាវជ្រាវរកម៉ូតូ និងឃាត់ខ្លួនជនដៃដល់ មកកាត់ទោសតាមច្បាប់៕ ដោយ% ទូច រ៉ាវុធ