តាកែវ៖ ដោយសារតែប្រទេសកម្ពុជាកំពុងរងសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យស្ថានភាពទឹកជំនន់កំពុងគំរាមកំហែង និងបន្តជនលិចនៅតំបន់មួយចំនួននៅក្នុងខេត្តបាត់តំបង ពោធិ៍សាត់ បៃលិន និងខេត្តផ្សេងៗទៀត ក្នុងនោះក៏មានខេត្តតាកែវ នៅស្រុកបាទី និងស្រុកសំរោង ក៏កំពុងតែងរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងដែរ ហើយអាជ្ញាធរ និងមន្ត្រីរាជការ ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ៣ប្រភេទ រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋ កំពុងតែមមាញឹកញាប់ដៃញាប់ជើង ក្នុងការចុះបើកមុខទឹក និងកាប់អាច៍ដីច្រកដាក់បាវ លើកទប់ទឹកជំនន់ផងដែរ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ នៅទំនប់ទឹកក្បាលសែន ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
ថ្លែងក្នុងពេលចុះធ្វើសកម្មភាពជាមួយមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋរួមគ្នាកាប់អាចម៍ដីច្រកបាវលើកជាទំនប់ ដើម្បីទប់ទឹកជំនន់ដែលកំពុងគំរាមកំហែងនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ចំពោះជំនន់ទឹកភ្លៀងនេះ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការជន់លិចដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំផ្សេងៗ និងការពារកុំឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋបន្ថែមទៀត ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សូមធ្វើការអំពាវនាវឱ្យមន្ទីរជំនាញពាក់ព័ន្ធ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។ ហើយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ ដោយឡែកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមលក្ខណៈ គ្រប់គ្រាន់ ដើម្បីជួយសម្រួលទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល ឲ្យប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។ ចំណែកឯបងប្អូនប្រជាពលរដ្ឋ ក៏សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ៕