តាកែវ៖ ខេត្តតាកែវ ជាខេត្តចុងក្រោយ នៃយុទ្ធនាការចុះតាមបណ្ដាខេត្តរបស់ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពង្រឹងកោសិកានៃការបោះឆ្នោត នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥។
នៅក្នុងពិធីសំណេះសំណាលជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) តាកែវ ស្ថិតនៅភូមិឡូរី ឃុំរកាក្នុង ក្រុងដូនកែវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ហែម បញ្ញា ប្រធាន ល.ខ.ប បានបញ្ជាក់ថា ខេត្តតាកែវ មានចំនួនប្រជាពលរដ្ឋសរុប ១,០២៦,២០១នាក់ ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចំនួន៦០៥,០៥៩នាក់ ប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៨១៦នាក់ ផែនការចុះឈ្មោះបោះឆ្នោតមានចំនួន ១៦,៤១២នាក់ ហើយល.ខ.ប បង្កើតការិយាល័យបោះឆ្នោតថ្មី ចំនួន៥ការិយាល័យ សរុបចំនួន ១.៥៦១ការិយាល័យ។
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ល.ខ.ប បានធ្វើការបិទផ្សាយសេចក្ដីជូនដំណឹងដល់បេក្ខជន បេក្ខនារីដែលបានជាប់ការសម្រាំង ពាក្យក្រុមចុះឈ្មោះបោះឆ្នោត និងត្រៀមមកប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅតាមមណ្ឌលប្រឡងប្រមូលផ្ដុំក្រុង ស្រុក ទាំង១០ ដើម្បីត្រៀមប្រឡង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ល.ខ.ប បានទទួលលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលប្រើប្រាស់ឯកសារចុះឈ្មោះដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ១ និងប្រភេទ២ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ពីនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។
ដើម្បីបម្រើម្ចាស់ឆ្នោតពីចម្ងាយ ទាក់ទងនឹងឯកសារចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប បានបង្កើតកម្មវិធីប្ដូរឯកសារចុះឈ្មោះបោះឆ្នោត ដែលផុតសុពលភាពពីចម្ងាយ ឬអនឡាញ (Online) សម្រាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ តាមគេហទំព័រ voterlist.nec.gov.kh។
ល.ខ.ប តាកែវ បានត្រៀមបែងចែក និងដឹកជញ្ជូនសម្ភារ ឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដល់ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ។ ល.ខ.ប មានការសហការយ៉ាងល្អ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់។ កន្លងមក ល.ខ.ប បានប្រជុំផ្សព្វផ្សាយអំពីនីតិវិធី នៃការធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដល់អភិបាលខេត្ត និងអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ នៅតាមរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្ត។
ល.ខ.ប តាកែវ បានបើកវគ្គបណ្ដុះបណ្ដាលជូនមន្ត្រី ល.ខ.ប អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ រួមមាន នគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅល.ខ.ប។
លោកស្រីប្រធាន ល.ខ.ប ក៏គ្រោងរៀបចំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី ការងារបោះឆ្នោតឲ្យកាន់តែមានភាពទូលំទូលាយដល់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ នៅតាមបណ្ដាវិទ្យាល័យ សាកលវិទ្យាល័យ និងតាមទីប្រមូលផ្ដុំក្នុងឃុំ សង្កាត់ក្នុងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើ គ.ជ.ប។
ជាមួយគ្នានេះ លោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប បានកោតសរសើរចំពោះ ល.ខ.ប តាកែវ ដែលបានបំពេញការងារបានយ៉ាងល្អ និងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតទាំងអស់។
លោកប្រធានក៏បានលើកឡើងថា ហេតុអ្វីបានជាលោកត្រូវចុះទូទាំងប្រទេស? លោកបានបកស្រាយថា «ខ្ញុំចុះមកធ្វើការកែទម្រង់នេះ គឺខ្ញុំត្រូវស្វែងយល់ ឲ្យឃើញថា តើគេកំពុងតែត្រូវការអ្វីនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតនេះ? ធ្វើម៉េចឲ្យមានប្រក្រតីភាព នៃការបោះឆ្នោត? ការងារបច្ចេកទេស យ៉ាងម៉េច? ហើយតើត្រូវប្រយ័ត្នប្រយែងយ៉ាងម៉េចខ្លះ បើទោះបីយើងធ្វើបានហើយ ប៉ុន្តែចំណុចដែលនៅសេសសល់ គឺត្រូវការជួយពីថ្នាក់កណ្ដាល ម្ល៉េះហើយថ្នាក់ក្រោមនេះ គឺត្រូវខិតខំធ្វើឲ្យបាន ធ្វើម៉េចឲ្យការបោះឆ្នោតនៅពេលដែលចប់ទៅ មានសន្តិភាព និងស្ថិរភាពស្រុកទេស»។
ការចុះមកជួបជាមួយមន្ត្រីបោះឆ្នោតផ្ទាល់នេះ លោកតែងតែផ្ដល់សៀវភៅដែលចងក្រងសម្ដីរបស់ លោកក្នុងពិធីបញ្ជ្រាបការយល់ដឹងពីការបោះឆ្នោត នៅទាំង៥ភូមិភាគ។ លោកថា «ការចងក្រងនេះគឺ កិច្ចសន្យាមួយដែលខ្ញុំត្រូវធ្វើតាមអ្វី ដែលមាននៅក្នុងចក្ខុវិស័យរបស់ខ្ញុំ ក្នុងសៀវភៅដែលខ្ញុំបានចែកជូន ជាពិសេសនាឱកាសផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកញ្ញាថ្មីៗនេះ ដែលមានអ្នកចូលរួមជាភាគីពាក់ព័ន្ធ រួមមានតំណាងគណបក្សនយោបាយ ចំនួន១៦ តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២១តំណាងអ្នកសារព័ត៌មានចំនួន ៩អង្គភាព និងតំណាងក្រសួងស្ថាប័ន ចំនួន៥។ ខ្ញុំហ៊ានថា ខ្ញុំហ៊ានធ្វើ ហើយធ្វើឲ្យបានល្អក្នុងនាមជាខ្មែរ ដើម្បីស្ថិរភាពស្រុកទេសរបស់ខ្ញុំ បន្ទាប់ពីការបោះឆ្នោតដែលត្រូវទទួលស្គាល់ពីគ្រប់ភាគី»។
ជាទីបញ្ចប់នៃដំណើរទស្សនកិច្ចស្វែងយល់នេះ លោកប្រធានបានលើកទ្រឹស្តីរបស់លោក សាមុយអែល ស្មាយ (Samuel Smiles) ជាជនជាតិអេកូស្សេ ដែលងាយចាំ៥យ៉ាង ការគិតនាំឲ្យចេញជាសកម្មភាព សកម្មភាពច្រើនដងចេញជាទម្លាប់ ទម្លាប់ច្រើនដងចេញជាអត្តចរិត អត្តចរិតចេញជាជោគវាសនា ហើយក្នុងន័យនេះ លោកទាញជាហេតុផលថា «ខ្ញុំចុះមកនេះ ខ្ញុំមិនមែនមកបោកប្រាស់មន្ត្រី ឬនរណាឲ្យដើរផ្លូវខុសទេ ហើយភាពជោគជ័យរាល់កិច្ចការ ទាំងឡាយ ទាំងពួង គឺស្ថិតនៅលើមេដឹកនាំ បើមេដឹកនាំល្អ គឺល្អហើយ ហើយមេដឹកនាំអាក្រក់ដូច ប៉ុល ពត នឹងនាំគ្រោះថ្នាក់ដល់ជាតិ និងមាតុភូមិ ដូច្នេះខ្ញុំជាមេ ជាប្រធាន គ.ជ.ប ខ្ញុំត្រូវដឹកនាំ គ.ជ.ប ឲ្យបានល្អ មានន័យថាគំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ»។
យុទ្ធនាការចុះពង្រឹងកោសិកា នៃការបោះឆ្នោត នៅភូមិភាគទាំង៥ នៃរាជធានី ខេត្ត ទាំង២៥ របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ចប់ដោយជោគជ័យ ហើយមន្ត្រី លធ.ខប ទាំងអស់ បានទទួលនូវចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត និងចំណេះដឹងសម្រាប់អភិវឌ្ឍន៍ខ្លួន ឲ្យរីកចម្រើន និងទទួលជោគជ័យនៅក្នុងជីវិតទៀតផង។
មន្ត្រីបោះឆ្នោតទាំងអស់ ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕