(ខេត្តកំពង់ធំ): មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។ ក្រោយកើត ហេតុសមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរបញ្ជូនទៅស្ថាប័នជំនាញរង់ចាំចាត់ការតាមនីតិវិធី។
ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១៤និង២៥នាទី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពនៅទីកើតហេតុអះអាងថា អ្នកបើកបរបង្កឈ្មោះ អែម សំអ៊ុន តួនាទីប្រធានការិយាល័យបរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យកសិកម្មស្រុក បើកបររថយន្ត ម៉ាកHIGLANDERពាក់ផ្លាកលេខ ភ្នំពេញ 2AB.3682 ក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ ផ្លែស្រកានាគ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្តជ្រុលទៅបុកតូបនៅក្បែរនោះបណ្ដាលឲ្យខូចខាតប៉ែកខាងមុខ ផងដែរ។
ប្រភពដដែលបន្តឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បច្ចុប្បន្នសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ពាក់ព័ន្ធករណីខាងលើ យើងពុំអាចសុំការបំភ្លឺពីលោកជឹម រីណា អធិការនគរ បាលស្រុកស្ទោងដែលទើបតែ កាន់តំណែងថ្មីបានទេ ដោយមិនឆ្លើយតប។
ប្រភពបង្ហើបប្រាប់ថា ជនបង្កកំពុងតែរៀបចំរត់ការដោះ ស្រាយក្រៅប្រព័ន្ធច្បាប់ ស្របពេលដែលនគរបាលចរាចរណ៍ផ្លូវគោកកំពុងរឹតបណ្តឹងការអនុវត្តច្បាប់៕