បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការច្បាមមុខសញ្ញាជនសង្ស័យជាមេខ្លោងពាក់ព័ន្ធករណីឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ពេញមួយយប់ទល់ភ្លឺ រហូតទទួលបានលទ្ធផលល្អប្រសើរឃាត់ខ្លួនបានម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំកម្លាំងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ សហការជាមួយមន្ត្រីជំនាញ អធិការដ្ឋាននគរបាលស្រុកបាណន់ ដោយមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ យ៉ុម យួម ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនមានឈ្មោះ យ៉ុម យួម ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦១ ត.ព្រ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ជាប់ចោទពីបទៈ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចភ្នំតូច ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ យ៉ុម យ៉ួម ត្រូវចោទប្រកាន់ពីបទៈ ឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចភ្នំតូច ភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨, ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ដែលច្បាប់កំណត់ឱ្យផ្ដន្ទាទោសជាប់ពន្ធនាគារ។ វត្តមានជន ត្រូវចោទនៅចំពោះមុខចៅក្រមស៊ើបសួរមានភាពចាំបាច់ គប្បីសម្រេចឱ្យចាប់ខ្លួនតាមមាត្រា ១៩៥ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ។
សាវតារឿង៖ កាលពីអំឡុងឆ្នាំ២០២២ ឈ្មោះ ចាន់ ទ្រឿង បានដើរឃោសនាថា ឯកឧត្តម ហ៊ុន ម៉ាណែត កំពុងរៀបចំបែងចែកដីជួនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានដី ២ហិចតា ហើយបានឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដី។ រហូតដល់អំឡុងខែកុម្ភះ ឆ្នាំ២០២៣ ឈ្មោះ ចាន់ ទ្រឿង បានបន្តឃោសនាប្រាប់ប្រជាពលរដ្ឋថា រដ្ឋចែកដីឲ្យហើយ ប៉ុន្តែតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ក្នុងមួយគ្រួសារចំនួន ០៤ម៉ឺនរៀល (សរុបជាទឹក ប្រាក់ដែលប្រមូលបានស្មើនឹង ៣៦០.០០០ (សាមសិបប្រាំមួយម៉ឺន)រៀល។
លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ចាន់ ទ្រឿង និងបក្ខពួករួមមាន ឈ្មោះ រ៉ាន់ សាវុន, ឈ្មោះ យ៉ុម យួម ,និងបក្សពួក បានកៀងគរ ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ មកប្រមូលផ្ដុំគ្នាតវានឹងអាជ្ញាធរ ដោយទាមទារឲ្យរាជរដ្ឋាភិបាលកាត់ឃ្វៀលដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន អេហ៊្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋ ហើយនៅ ពេលប្រមូលផ្តុំគ្នានោះ ឈ្មោះ វ៉ាន់ សាវ៉ុន បានទាមទារប្រាក់ពីប្រជាពលរដ្ឋក្នុងម្នាក់ ១០.០០០ (មួយម៉ឺន) រៀល រីឯប្រាក់ ៤០.០០០ (បួនម៉ឺន) រៀល ដែលឈ្មោះ ចាន់ ទ្រឿង បានទារពីប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ គឺបានប្រគល់បន្ត ឱ្យទៅឈ្មោះ យ៉ុម យ៉ូម។
យោងតាមរបាយការណ៍សំយោគ លេខ ១៤១ នប.សគឡ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ របស់ អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញថា ជនជាប់ចោទ ០៤នាក់ ពាក់ព័ន្ធបទល្មើស បទៈ ឆបោក និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍រួមមាន៖
១- ឈ្មោះ ចាន់ ទ្រឿង ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុភូមិគោករកា ទីកន្លែងកំណើត ភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាស័យដ្ឋានបច្ចុប្បន្ន៖ ភូមិឆករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឪពុកឈ្មោះ ចាន់ បុត្រ (ស្លាប់) ម្តាយឈ្មោះ នាង មាស (ស) ប្រពន្ធឈ្មោះ ព្រំ សយ (រស់) មានកួន ០៧ នាក់ កម្រិតវប្បធម៌៖ ថ្នាក់ទី ០៦ចាស់ ទោសពីមុនគ្មាន កំពុងស្ថិតក្នុងពន្ធនាគារ។
២- ឈ្មោះ រ៉ាន់ សាវ៉ុន ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អាសយដ្ឋានបច្ចុប្បន្ន៖ ភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឪពុកឈ្មោះ តត រ៉ាន់ (រស) ម្តាយឈ្មោះ អុល រិន (ស្លាប់) ប្ដីឈ្មោះ ជូ ឌុយ (រស) មានកួន ០៥ នាក់ កម្រិតវប្បធម៌៖ ថ្នាក់ទី ៧ចាស់ ទោសពីមុនគ្មាន កំពុងស្ថិតក្នុងពន្ធនាគារ។
៣- ឈ្មោះ យ៉ុម យ៉ួម ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិស្វាយ៣ដើម ឃុំកន្ទឺ ស្រុកសង្កែ ខេត្តបាត់ដំបង អាសយដ្ឋានបច្ចុប្បន្ន៖ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឪពុកឈ្មោះ ឆ្អឹង យ៉ុម (ស) ម្តាយឈ្មោះ សុខ ហ៊ន (ស្លាប់) ប្រពន្ធឈ្មោះ សយ អឿម (រស់) មានកួន ០៣នាក់ ទោសពីមុនគ្មាន ត្រូវបានចាប់ខ្លួន។ រីឯបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលផ្នែកគ្រប់គ្រង និងអនុវត្តដីកា នៃការិយាល័យព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿង និងបញ្ជូនជនជាប់ចោទទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕