ព័ត៌មានជាតិ

លោក សាយ សំអាល់៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត គឺចាត់ទុកថាប្រឆាំង និងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា…

(ព្រះសីហនុ): លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតជាការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឆាំងជាមួយនឹងរដ្ឋ និងបង្ករចលាចលផ្សេងៗក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។
ប្រសាសន៍លើកឡើងរបស់លោកនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន ៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
លោក សាយ សំអាល់ ថ្លែងបន្ថែមទៀតថា «សុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ទាំងផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស។ គណបក្សប្រជាជនកម្ពុជាមានគោល នយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។ កត្តាទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួមជាតិជាធ្លុងមួយដើម្បីបន្តដំណើររបស់កម្ពុជា។ ទស្សនវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជា ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែសម្បូររុងរឿង ដែលជាការតាំងចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសបុត្រាទាំង ៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងឱកាសសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជន ក្នុងខេត្តព្រះសីហនុកន្លងមកថ្មីៗនេះ»។
លោកប្រធានក្រុមការងារ ក្រើនរំលឹកដល់សមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋាន ចុះពន្យល់និងណែនាំដល់ប្រជាពលរដ្ឋ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលបានយកចិត្តទុកដាក់ពីជីវភាព និងការរស់នៅប្រជាពលរដ្ឋនៅទាំងប្រទេស ហើយនៅអណត្តិទី ៧នេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អំពាវនាវសូមឲ្យសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *