ព័ត៌មានជាតិ

ក្រុមអ្នករត់ម៉ូតូឌុប និងអាជីវករផ្សារបឹងឈូកផ្ទុះការតវ៉ា ស្នើអោយម្ចាស់ក្រុមហ៊ុនអនុញ្ញាតអោយពួកគាត់បានចេញចូល និងលក់ដូរជាធម្មតា


(បាត់ដំបង)​ ក្រោយមានការណាត់ជួបរវាងភាគីខាងក្រុមហ៊ុនផ្សារ ជាមួយអាជីវករ និងអ្នករត់ម៉ូតូឌុប ដោយតម្រូវអោយពួកគាត់ធ្វើគ្រែអង្គុយលក់ និងហាមមិនអោយជិះចូលផ្សារ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ពួកគាត់ប្រមាណជាង១០០នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាស្នើអោយខាងក្រុមហ៊ុនអនុញ្ញាតអោយពួកគាត់ជិះម៉ូតូចេញចូលបាន និងការដាក់តាំងលក់ដូរជាធម្មតាដូចពីមុន។

អាជីវករឈ្មោះ ខាន់ សុខា ដែលជាអ្នករត់ម៉ូតូឌុប និងលក់ដូរក្នុងផ្សារបឹងឈូកជាង២០ឆ្នាំបានលើកឡើងថា អ្វីដែលពួកគាត់ប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅពេលនេះក្នុងគោលបំណងដើម្បីសំណូមពរស្នើសុំអោយខាងក្រុមហ៊ុនផ្សារ ទុកអទិភាពផ្លូវអោយពួកគាត់បានចេញចូលម៉ូតូជាធម្មតា ហើយកន្លែងលក់ដូរដែលខាងក្រុមហ៊ុនតម្រូវអោយដាក់គ្រែ ពូកគាត់ជាអាជីវករមិនចង់អោយមានការដាក់គ្រែនោះទេ គឺសុំអោយដាក់លក់ធម្មតាដូចពីមុន ព្រោះកាលណាចេញចូលដាក់គ្រែវាចង្អៀត ហើយក៏សុំអោយយកផាស៊ីជាធម្មតាផងដែរ។

ដោយឡែកលោកស្រី នូ ប៊ូរ៉ុង ដែលជាប្រធានគ្រប់គ្រងផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង បានលើកឡើងដែរថា ចំពោះម៉ូតូឌុបគឺមិនមែនជាអាជីវកររបស់ផ្សារទេ គឺគាត់គ្រាន់តែជាអ្នកអាស្រ័យផលជាមួយផ្សារ ហើយពាក់ព័ន្ធជាមួយការបង់ផាស៊ីអោយផ្សារគឺអត់មានទេ ហើយរាល់អាជីវករដែលលក់ដូរនៅក្នុងផ្សារ បានបង់ថ្លៃផាស៊ីអោយផ្សារ ទើបជាអាជីវកររបស់លោកស្រី ចំណែកម៉ូតូឌុបគឺផ្សេង។

លោកស្រីបានបញ្ជាក់បន្ថែមថា ផ្សារមួយនេះគឺផ្សារឯកជន និងមានវិនិយោគជាមួយនឹងរដ្ឋ អញ្ចឹងគោលការណ៍ដែលខាងលោកស្រីធ្វើ គឺពាក់ព័ន្ធទៅនឹងគោលការណ៍ដែលរដ្ឋបានចែងអោយ ដោយយើងមើលឃើញស្រាប់ហើយថា នៅឆ្នាំ២០២១នេះដែលយើងមានជំងឺកូវីដ១៩កំពុងតែវៃលុក ហើយទីផ្សារនីមួយៗគឺជាកន្លែងដែលផុយស្រួយជាងគេពាក់ព័ន្ធនឹងជំងឺកូវីដ19 ហើយការដែលពួកគាត់រៀបចំផ្សារជាថ្មីនេះគឺពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីត19ខ្លាំង ដោយទីមួយរៀបចំអោយអាជីវករមានការលក់ដូរមានគម្លាត ទីពីររៀបចំចំណតអោយខាងម៉ូតូឌុបអោយបានត្រឹមត្រូវ ទីបីគឺរៀបចំចំណតខាងអតិថិជនអោយបានត្រឹមត្រូវ។

ក្រោយពីរៀបចំត្រឹមត្រូវហើយ ខាងក្រុមហ៊ុននឹងទិញម៉ាស៊ីនស្គែនដាក់សម្រាប់ផ្សារ ដើម្បីពិនិត្យថា បើមាននរណាម្នាក់មានជំងឺកូវីដ១៩ គឺខាងសន្តិសុខ បុគ្គលិក និងប៉ូលិសផ្សារមិនអនុញ្ញាតអោយចូលក្នុងផ្សារនោះទេ ហើយបញ្ហាប្រឈមរាល់ថ្ងៃនេះគឺខាងអ្នករត់ម៉ូតូឌុបបានជិះចូលផ្សារបង្កភាពរញ៉េរញ៉ៃអត់សណ្តាប់ធ្នាប់ ហើយខាងអាជីវករប្តឹងទៅខាងក្រុមហ៊ុនថាបានជិះពារលើកញ្ច្រែងគេលក់ដូរ និងពេលខ្លះបានជិះបុកអតិថិជនក្នុងផ្សារ ធ្វើអោយប៉ះពាល់ដល់អាជីវករផង និងប៉ះពាល់ដល់អតិថិជនរបស់ក្រុមហ៊ុនផង ទើបខាងក្រុមហ៊ុនរៀបចំចំណតអោយពួកគាត់ ដោយតម្រូវអោយចូលតែខ្លួនដើម្បីចាប់ម៉ូយ។

លោកស្រីបានបញ្ជាក់បន្ថែមថា ទាំងការដាក់ផ្ញើរម៉ូតូរបស់ក្រុមអ្នករត់ម៉ូតូឌុប និងការដាក់ផ្ញើរគ្រែលក់ដូររបស់អាជីវករនោះ ខាងក្រុមហ៊ុនផ្សារមិនយកប្រាក់ថ្លៃផ្ញើរនោះទេ៕ប្រភព ភ្នំខៀវ

adm

Leave a Reply

Your email address will not be published. Required fields are marked *