ខេត្តពោធិ៍សាត់៖ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីផ្ទុះសំណល់ជាតិពីសង្គ្រាម របួសចំនួន៤នាក់ ក្នុងនោះមានកុមារា៣នាក់និងយុវជនម្នាក់។
អាជ្ញាធរមីនបានប្រកាសព័ត៌មានថា មានករណីក្មេងៗ៤នាក់យកគ្រាប់មិនស្គាល់ឈ្មោះគប់លេងជាច្រើនលើក បណ្តាលអោយផ្ទុះត្រូវរបួសទាំង៤នាក់ កើតឡើងនៅចំណុចតង់ខៀវ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះទាំងបួននាក់រួមមាន៖ ១)ឈ្មោះសយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់) ២)ឈ្មោះ សយ កុម្ភះ ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់) ៣)ឈ្មោះ កួយ តាំងយូរ ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) និង៤) ឈ្មោះ សយ ស៊ីណាត ភេទប្រុស ១០ឆ្នាំ (របួសស្រាល)។
ជនរងគ្រោះទាំង៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
លោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានថ្លែងសារលើហ្វេសប៊ុកផ្លូវការរបស់លោកថា ពិតជាសោកស្តាយចំពោះគ្រោះថ្នាក់! សូមអំពាវនាវហេីយអំពាវនាវទៀត សូមកុំវាយដំនិងលេងគ្រាប់ ព្រោះគ្មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះស្អុយនោះទេ ឬមិនផ្ទុះនោះទេ មានតែអ្នកជំនាញអាចវាយតម្លៃគុណភាពគ្រាប់ទាំងឡាយនោះបាន ដូចនេះនៅឃេីញគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម សុំប្រញាប់ប្រញាល់ទាក់ទងកម្លាំងប៉ូលីស អាជ្ញាធរមូលដ្ឋាន កម្លាំងដោះមីន ជាពិសេសកម្លាំងអង្គភាពសុីម៉ាក់ដេីម្បីជួយបោសសម្អាតជូន ហាមប៉ះពាល់៕