ភ្នំពេញ ៖ ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 ពិភពកំសាន្តគ្មានដែនកំណត់ ដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ យ៉ាងគឃ្លើន មិនដឹងថា ខ្នងធំយ៉ាងណាទេ ទើបមិនញញើត អាជ្ញាធរ និងសមត្ថកិច្ច បែបនេះ?សូមជម្រាបថា នាព្រឹកថ្ងៃទី១២ ធ្នូ ២០២១ ក្រោយទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំង ដែលមានទីតាំងផ្លូវអង្គតាម៉ិញ ម្តុំទល់មុខសណ្ឋាគារ បាលី រីសត ភូមិត្រពាំងល្វា២សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអាជ្ញាធរ បង្ក្រាបថ្ងៃទី៤ ធ្នូ ២០២១កន្លងទៅ បានបើកទទួលអតិថិនជន អោយចូលភ្នាល់ល្បែងតាម អនឡាញ ទាំងយប់ទាំងថ្ងៃទៀតហើយ។ មិនចាំយូរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាអោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាប និង ឃាត់មនុស្ស៦នាក់ មកសួរនាំ និងណែនាំអប់រំ ដោយឡែក វត្ថុតាង ពាក់ព័ន្ធមួយចំនួន រឹបអូសមករក្សាទុកនៅសាលាខណ្ឌ។ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 មានសេវាកម្ម៖–ដក និងដាក់ Account សំរាប់លេងហ្គេមគ្រប់ប្រភេទ។–សេវាកម្ម ដក និងដាក់លុយ 24 ម៉ោងរហ័សទាន់ចិត្ត។–មាន Live មាន់ជល់, Live Casino, Live បាល់ទាត់ និងហ្គេមផ្សេងៗ។–ទីកន្លែងមានម៉ាស៊ីនត្រជាក់ បុគ្គលិករួសរាយរាក់ទាក់ និង Free ភេសជ្ជៈ។–មានកម្មវិធីចាប់រង្វាន់ប្រចាំខែ មាន Promotion 50% & ចាក់ចាញ់សងដើមវិញ។កំពុងបន្តបើកដំណើរ ស្ទើរតែគ្រប់ខណ្ឌ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែងមកពីគ្រប់មជ្ឍដ្ឋាន ខណៈអាជ្ញាធរ និង សមត្ថកិច្ច ខណ្ឌមួយចំនួន មិនហ៊ាន ចុះបង្ក្រាប។ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម នៃល្មើសនានា ដូចជា លួច ឆក់ ប្លន់ បន្តកើតមានញឹកញាប់ ក្នុងក្រុងភ្នំពេញ និងឈានដល់ការប្រើប្រាស់អំពើរហិង្សា ពិសេស ពង្វក់ក្មេងៗសិស្សសាលា អោយភ្លេចការសិក្សា ខ្លះវក់លេង ភ្លេចបាយ ភ្លេចទឹកក៏មាន។ប្រភពខ្លះថា ទីតាំងណេត យីហោ VA2888 និង ណេត យីហោផ្សេងៗ ជាច្រើនទៀត អាចបើដំណើរយ៉ាងរលូន បែបនេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យត្រូវដងត្រូវផ្លែជាមួយ ឬបើកភ្លើងខៀវពី អាជ្ញាធរមានសមត្ថកិច្ចហើយមើលទៅ ទើបអាចបើកបំរើដល់អតិថិជន របស់ខ្លួនកើបលុយរាប់ ម៉ឺនដុល្លារ ក្នុងមួយខែៗ។ទីតាំងហ្គេមណេតបង្កបល្បែងស៊ីសងយីហោ VA2888 មានស្ទើរតែគ្រប់ខណ្ឌ ឯណោះការដែលអនុញ្ញាតឲ្យមានបើកល្បែងស៊ីសង ពិសេស ណេត២៤ម៉ោងនេះ យីហោ VA2888 គឺផ្ទុយ ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាកម្ពុជា។សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាប ទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជាមានច្បាប់ប្រកប អាជីវកម្មហើយក៏ដោយ ។ការចេញបទបញ្ជានេះ ក្រោយពីមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សារាចរណែនាំដោយបញ្ឈប់ ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស។លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើកសេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីអាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេល ថ្មីៗនេះ បានចេញសារាចរ ណែនាំ មួយដោយ បញ្ឈប់ការផ្តល់គោលការណ៍ និង អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកបអាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំង ក្នុង និងក្រៅប្រទេស ។ សារាចរ ណែនាំ រាជដ្ឋាភិបាល បានធ្វើ ការណែនាំ ចំនួន ៣ចំណុចដោយទី១. មន្ត្រីនគរបាល យុត្តិធម៌ និង អាជ្ញាធរ មាន សមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណេត អនឡាយ ក្នុង និង ក្រៅប្រទេស គ្រប់ ប្រភេទ និង គ្រប់រូបភាព ដែលធ្វើ សកម្មភាពដោយមិនមាន អាជ្ញាប័ណ្ណ ពីក្រសួង ស្ថាប័ន មានសមត្ថកិច្ច។ទី ២. ចំពោះ អាជីវកម្មល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណែត អនឡាយក្នុង និងក្រៅប្រទេស ដែលមាន អាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែល បានកំណត់ ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនបន្ត សុពលភាព អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកបអាជីវកម្មល្បែងភ្នាល់ ប្រភេទនេះ តទៅ ទៀតឡើយ។៣. រាជរដ្ឋាភិបាល បញ្ឈប់ ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៉ីនធើណេត អនឡាញ ទាំងក្នុង និងក្រៅប្រទេស កម្ពុជា ចាប់ពីថ្ងៃ ចុះហត្ថលេខា លើ សារាចរ ណែនាំ នេះតទៅ។សង្ឃឹមថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការរាជធានីភ្នំពេញ មេត្តាពិនិត្យលើ បញ្ហាទីតាំង ណេត បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ដែលកំពុងរីកដូចផ្សិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន ផ្ទុយពីបទបញ្ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Related Articles
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ ក្នុងពីធីនោះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។ ឯកឧត្ដមបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ […]
នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យពលរដ្ឋខ្មែរខ្វះអង្ករ
តាកែវ ៖ ថ្លែងចេញពីទឹកដីនៃខេត្តតាកែវ ទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកសិករ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចបានបង្ហាញអំពីហេតុផលថា ហេតុអ្វីបានសម្ដេចហ៊ានធានាថា កូវីដ-១៩ មិនអាចសម្លាប់កម្ពុជា ព្រោះធ្វើយ៉ាងមិចកុំឲ្យប្រជាពលរដ្ឋខ្មែរខ្វះអង្ករ ទើបវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាសក្ដានុពល តែក៏ជាឱកាសព្រមគ្នាតែម្ដង។ សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «កូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ មូលហេតុអីបានខ្ញុំធានាថា មិនអាចសម្លាប់យើងបាន ធ្វើយ៉ាងមិចកុំឲ្យខ្មែរខ្វះអង្ករ ខ្វះអង្ករច្រកឆ្នាំង ចឹងបានជាវិស័យកសិកម្មឥលូវនេះ មិនមែនគ្រាន់តែជាសក្ដានុពល តែវាក៏ជាឱកាសព្រមគ្នា»។ បើតាមការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅលើពិភពលោកពេលកំពុងជួបជំងឺកូវីដ-១៩នេះ គេអាចកាត់បន្ថយការជិះយន្ដហោះ គេអាចផ្អាកដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន ម៉ូតូ ប៉ុន្តែគេមិនអាចផ្អាកអាហារសម្រាប់ច្រកក្រពះបានទេ នេះជាឱកាសសម្រាប់វិស័យកសិកម្ម។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យយកឱកាសកូវីដ-១៩ ពង្រីកទីផ្សារកសិកម្ម ដោយមិនមែនត្រឹមតែអង្ករនោះទេ មានម្សៅមី និងស្បៀងផ្សេងៗទៀត។ ដោយឡែក កម្មករដែលបាត់បង់ការងារធ្វើដោយការបិទរោងចក្រ ឬបិទសណ្ឋាគារ ត្រូវវិលត្រឡប់មកចូលរួមជំរុញការងារកសិកម្ម ជាមួយគ្រួសារ៕ដោយ%ទូច រ៉ាវុធ
គួរឱសង្វេគណាស់!ចងកកូនខ្លួនឯងឱ្យស្លាប់ រួចហើយស្ត្រីជាមនុស្សបានចងកធ្វើអត្តឃាតខ្លួនឯងតាមក្រោយ…!!!
ស្វាយរៀង÷ស្ត្រីជាម្ដាយនិងកូនប្រុសម្នាក់បាន(ស្លាប់ដោយសារចងក)បង្ករការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៨ និង ៤០ នាទី ដែលស្ថិតនៅចំណុចភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយទទួលបានព័ត៌មានថា:មានសាកសពស្លាប់ដោយសារចងកភ្លាម លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ បានបង្កើតគណៈកម្មការពិនិត្យកន្លែងកើតហេតុនិងសាកសពរួមមានសមាសភាពដូចខាងក្រោម1_នគរបាលជំនាញព្រហ្មទណ្ឌស្រុកនិងខេត្ត។2_នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រស្រុកនិង ខេត្ត។3_គ្រូពេទ្យជំនាញកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកស្រុករមាសហែក។4_កម្លាំងកងរាជអាវុធហត្ថស្រុក។5_អាជ្ញាធរភូមិឃុំនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសាំង។ បានធ្វើការត្រួតពិនិត្យលើសាកសពឈ្មោះលឹម មុំ ភេទស្រីអាយុ 38 ឆ្នាំនិងកូនប្រុសឈ្មោះយ៉េន តុលា អាយុ1ឆ្នាំ ដែលបានចងកសម្លាប់ខ្លួននឹងរបាដែកផ្ទះបាយ។ តាមការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្រ្ត ជំនាញព្រហ្មទណ្ឌនិងគ្រូពេទ្យកុសល្យវិច្ឆ័យបានសន្និដ្ឋានថាសាកសពទាំង2នេះគឺស្លាប់ដោយចងកប្រាកដមែនដោយម្ដាយយកក្រមាចងកសម្លាប់កូនជាមុនរួចចងកសម្លាប់ខ្លួនឯងនឹងខ្សែភ្លើងជាក្រោយ។តាមព័ត៌មានបញ្ជាក់ពីសមាជិកភូមិក្រសាំងបានឲ្យដឹងថា:ឈ្មោះលឹម មុំ នេះផឹកស្រាស្រវឹងខួបនិងរកចងកសម្លាប់ខ្លួនម្ដងរួចហើយកាលពីថ្ងៃទី 3 ខែ 11 ឆ្នាំ 2020 កន្លងមកនេះ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕