ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូបត់ត្រឡប់ក្រោយក្នុងគោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ តែជាកម្មអកុសល់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ ថ្ងៃ២០ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ថោង ឌីណា ភេទប្រុស អាយុរ ២៩ឆ្នាំ មុខរបរជាតៃកុងរថយន្ត បច្ចុប្បន្ន រស់នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសដែលជាជនរងគ្រោះជិះម៉ូតូម៉ាក pcxមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ1GO-0318របស់ខ្លួនជិះធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីរកើតទៅលិចក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ មិនទាន់នឹងបានពាក់កណ្ដាលផ្លូវផងស្រាប់តែមានរថយន្តម៉ាកអាវផាតមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-2799ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីស្របទិសគ្នាស្រាប់តែម៉ូតូបត់ត្រឡប់ក្រោយក៏ត្រូវបុកពេញទំហឹងជាមួយនឹងរថយន្តបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធី។
រីឯសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារនិងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ