ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាបញ្ឈប់វិបត្តិកូវីដ១៩ តាមលទ្ធភាពរៀងៗខ្លួនដោយទឹកចិត្តស្មោះសរ និងមិនបង្កប់របៀបវារៈនយោបាយ…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវចូលរួមបញ្ឈប់វិបត្តិកូវីដ១៩ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ ហើយមិនមានបង្កប់នូវរបៀបវារៈនយោបាយ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន។

ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយ ដែលបានផ្ញើទៅចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសារលិខិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ។ ហេតុនេះកម្ពុជាយល់ស្របនឹងទស្សនៈ ថា: «មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។ យើងត្រូវធ្វើការរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព»។

«ជាមួយគ្នានេះខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា: យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ”» ។ នេះបើតាមសុន្ទរកថា២ទំព័ររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ សម្តេចបានបន្ថែមថា «ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង «សេចក្តីព្រាងគោលដៅ» ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវដ-១៩ នេះ»។

ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗ របស់វីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ។ ជាមួយនឹងសេចក្តីរីករាយចំពោះគំនិតផ្ដួចផ្តើមក្នុងការដាក់ ចេញនូវ «សេចក្តីព្រាងគោលដៅ» កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖ «លើសពីនេះទៀត កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *