ភ្នំពេញ ៖ តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញ នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ សីហានេះថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ។ សកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់ឲ្យអស់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់ និងកំពុងអនុវត្តការងារស្តារនៅពេលនេះរួមមាន៖ ប្រឡាយមេទួលពង្រទី១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ ភាគរយហើយ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។
ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់១០០ភាគរយហើយ។
ប្រឡាយមេស្ទឹងមានជ័យ ក្រុមការងារបាននឹងកំពុងស្ថាបនាដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ មានប្រវែងជាង១៥០០ម៉ែត្រ ទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ។
ប្រឡាយមេម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង២៨១៥ម៉ែត្រ ទទឹងចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន គ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ក្រុមការងារបានស្តារ ដើម្បីបើកមុខទឹកឲ្យហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
ការស្តារប្រឡាយមេបឹងទំពន់ ដែលមានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះ ក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
ស្តារព្រែកអូរខ្សាច់ ដែលមានប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង១៤,៧៥០ម៉ែត្រ។ ប្រឡាយនេះមានតួនាទីរំដោះទឹកចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោកតែម្ដង។
ការស្ដារប្រឡាយមេបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្ដការងារស្តាររួចរាល់១០០ភាគរយហើយ។ ការស្តារប្រឡាយមេបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍ការងារកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ និងបានបញ្ចប់កាលពថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងមក៕