បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះដាក់បទបញ្ជាបិទខ្ទប់ (ផ្សារណាត់) កំណាត់ខាងកើតទាំងស្រុង ក្រោយរកឃើញស្ត្រីជាអ្នកកាត់ដេរម្នាក់ មានជំងឺកូវីដ១៩ និងបានណែនាំបងប្អូនអាជីវករផ្សារណាត់ (កំណាត់ខាងលិច) ឲ្យគោរពវិធានការណ៍សុខាភិបាល ៣កុំ-៣ការពារ ដើម្បីការពារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីបានបន្តអាជីវកម្ម។
ជាមួយគ្នានេះដែរ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា ការបិទនេះគឺលក្ខណ:បិទជាបណ្តោះអាសន្ន ដោយរងចាំមើលលទ្ធផល ពិសោធន៍ពីខាងមន្ទីរសុខាភិបាល ខណៈដែលខាងក្រុមគ្រូពេទ្យកំពុងចុះទៅផ្ទះដើម្បីយកសំណាកអ្នកដែលប៉ះពាល់ផ្ទាល់នៅក្នុងផ្ទះស្ត្រីដែលមានជំងឺកូវីដ១៩ខាងលើ ហើយបើសិនកាលណាទំហំនៃការឆ្លងនោះមានសន្ទុះធំ ទើបអាស្រ័យលើក្រុមគ្រូពេទ្យ និងមន្ទីរសុខាភិបាលធ្វើការពិភាក្សាគ្នាថាបិទនេះវាដល់កំរិតណា តែជាបឋមនេះយើងបិទតែតួផ្សារផ្នែកខាងក្នុងមួយកំណាត់ប៉ែកខាងកើតទាំងស្រុងសិន រីឯអ្នកលក់នៅជុំវិញខាងក្រៅមិនមានផលប៉ះពាល់គឺយើងបន្តអោយគាត់លក់សិនដើម្បីសុំគោលការណ៍ពីអភិបាលខេត្តបន្តទៀត។
ហើយពេលនេះខាងក្រុមគ្រូពេទ្យមួយក្រុមបានចុះទៅផ្ទះបងស្រីម៉ារីយ៉ាផ្ទាល់ដើម្បីធ្វើកិច្ចការនេះ ដូច្នេះសុំសំណូមពរសូមអោយបងប្អូនជាអាជីវករទាំងអស់ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងយើងមេត្តាបន្ត ៣កុំ ៣ការពារ សំខាន់ជាងគេនោះសូមបន្តពាក់ម៉ាស់មិនថាអ្នកលក់នៅក្នុងផ្សារណាត់ អ្នកផ្សារទាំងអស់នៅក្នុងក្រុងបាត់ដំបងយើងនេះ អ្នកលក់ក៏ពាក់ម៉ាស់ អ្នកទិញក៏ពាក់ម៉ាស់ ហើយសូមអោយគណៈកម្មការផ្សារ បើឃើញបងប្អូនណាមិនពាក់ម៉ាស់សូមកុំអោយចូលផ្សារ។
ជាចុងក្រោយលោកអភិបាលក្រុងសូមសំណូមពរទៅដល់បងប្អូនកុំអោយមានការតក់ស្លុត ប៉ុន្តែយើងត្រូវពង្រឹងនូវការការពារ ដោយពាក់ម៉ាស់ លាងដៃ បានន័យថា ៣កុំ ៣ការពារ ហើយក៏សូមសំណូមពរសំខាន់អ្នកដែលស្គាល់គាត់ អ្នកដែលស្គាល់បងស្រីម៉ារីយ៉ា អ្នកដែលបានឈរគៀកកើយ ប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕