ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូឡាំប៊្រីដាក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គង់ គឹមស៊ុន អាយុ៤៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឡាំប៊្រីដា ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ជាប្រភេទរថយន្តសណ្ដោងទូរកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-7425 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងក្រុមហ៊ុនផែស្ងួតតេងឡាយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូឡាំប៊្រីដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-5598 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕