កំពង់ស្ពឺ ៖ ក្នុងពិធីសំណេះសំណាល ជាមួយនិវត្តន៍ជន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ទិវាកងរាជអាវុធហត្ថ! ថ្ងៃកំណើតកងរាជអាវុធហត្ថ ១៤កក្កដា ឆ្នាំ១៩៩៣- ១៤កក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយថ្លែងថា ជានិច្ចជាកាល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជន របស់កងរាជអាវុធហត្ថទាំងអស់ ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការ រាជធានី/ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តនជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។
នៅក្នុងពិធីនេះដែរ ក៏បានចាក់បញ្ចាំងស្លាយ អំពីប្រវត្តិ និងវឌ្ឍនភាពការងាររបស់កងរាជអាវុធហត្ថ ជូននិវត្តន៍ជនបានទស្សនាអំពីវឌ្ឍនៈភាព ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ត្រូវចាត់ទុកនិវត្តន៍ជន(ចូលនិវត្តន៍)ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិការពារជាតិ ការពារបូរណៈភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនៈភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ។
លោកមេបញ្ជាការបានបន្តថា ដោយផ្តើមចេញពីឆន្ទៈមោះមុត ក្លាហាន អង់អាច ស្មារតីស្រឡាញ់ ស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ល្អ ក្នុងបុព្វហេតុការពារជាតិ ធ្វើឲ្យយើងជាកម្លាំងបន្តវេនជំនាន់ក្រោយមិនអាចបំភ្លេចបាន នៅវីរភាពដ៏អង់អាចនេះ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទោះក្នុងរូភាពណាក៏ដោយ ពិសេសជាងនេះគឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានជួបជាមួយនិវត្តន៍ជន ចំនួន២៧នាក់ ដោយបានផ្តល់ថវិកា និងសម្ភារៈម្នាក់ៗ ចំនួន ១៥០,០០០រៀល, អង្ករ ចំនួន០២បាវ, អាវរងារ ចំនួន ០១អាវ, អាវភ្លៀង ចំនួន០១អាវ, ទឹកក្រូច ចំនួន០១កេស, ទឹកសុទ្ធចំនួន ០១កេស, មីម៉ាម៉ា ចំនួន០១កេស។ អង្គភាពបានចំណាយថវិកា សរុបចំនួន៧,៣៧៦,៤០០រៀល៕