ភ្នំពេញ៖ លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានពន្យល់ថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះគឺលឿនជាទីបំផុត បើអ្នកជំងឺកាន់ក្រដាសប្រាក់នោះមិនត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា៖ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជាសំបោរ ឬស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះ ចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះយកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែកជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មកក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបានលាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។
សូមរំលឹកថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ចំនួន ១០,៧៧២សំណាក រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣០នាក់ និងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ចំពោះអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ ត្រូវធ្វើតេស្តលើកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នៅបរិវណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ បានជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕