ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសារលិខិតមួយ អបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីឡឹង ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជា ជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទិងដូចសព្វមួយដងបាន។
សម្តេចបានសម្ដែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបាន រៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និង ក្រោមជាតិក្ដី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខ នៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាព ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមាន តុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយ គឺ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការ មិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាព របស់ខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។
រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាង ល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយ ភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្របនិងការពង្រឹងពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។ ទន្ទឹមនឹងនេះ ការផ្តល់លទ្ធភាពទទួលបានការអប់រំនិងបណ្តុះបណ្តាល បច្ចេកទេស ជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគទុនមួយដ៏មានសារៈប្រយោជន៍។ ក្រៅពីនេះ ការរៀបបង្ក លក្ខណៈងាយស្រួល ជូនជនមានពិការភាព តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឧបករណ៍ផ្សេងៗ ការកែលំអមធ្យោបាយដឹកជញ្ជូនសាធារណៈ កែលំអមធ្យោបាយទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺ ជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវរួមគ្នាអនុវត្តឱ្យខាងតែបាន។
ដើម្បីឱ្យសង្គមមួយមានការគិតគូរដាក់បញ្ចូលគ្នាបាន ការចូលរួមដោយសមភាព តាមរយៈការលើកកម្ពស់ ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្លៃ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមាន ពិការភាពនិងមិនមានពិការភាព។ ជាមួយគ្នានេះ ការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ស្រ្តីមានពិការភាពនិងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឱ្យមានការ ចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ សម្តេច សូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ លើសពីនេះទៀត ខ្ញុំសូមឱ្យ មានការគិតវិភាគប្រភេទអាជីវកម្មនិងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារដើម្បី ធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្ម និងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង។
សម្តេច បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ តាមក្រសួងស្ថាប័ន ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ក្រុមគ្រួសារជនមានពិការភាព ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និង ធនធានប្រកបដោយការទទួលខុសខ្ពស់ត្រូវក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេសជនមានពិការភាព ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព យុទ្ធសាស្ត្រអ៊ីនឈាន់”ធ្វើឱ្យសិទ្ធិក្លាយជាការពិត”។
ក្នុងស្មារតីនេះ សម្តេចតេជោ សូមធ្វើការអំពាវនាវដូចតទៅ៖
ទី១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្រ្ត ជាតិស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការ សកម្មភាពនិងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។
ទី២-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយផ្តល់គ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យ ជនមានពិការភាពទទួលបានសម្ភារៈ ព័ត៌មានស្តីពីការបង្ការនិងការពារជំងឺកូវីដ១៩។
ទី៣- សូមបងប្អូនមានពិការភាពទាំងអស់ រក្សាវិធានសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ លាងដៃនឹងអាល់កុល សាប៊ូ ឬដែលឱ្យបានខ្ជាប់ខ្លួននៅតាមទីកន្លែងសាធារណៈនានា និងនៅតាមសហគមន៍។
ទី៤- គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការ
បម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៥- ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំង អស់ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូល បម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។
ទី៦- ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនិងគោលនយោបាយជាតិនានា ដើម្បីជាឧត្តមប្រយោជន៍សុខុមាលភាពដល់បងប្អូនមានពិការភាពគ្រប់ប្រភេទនិងគ្រប់កម្រិត។
ទី៧- ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព គ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ធ្នាក់ដៃ ទ្វារ , បន្ទប់ទឹកជនមានពិការភាព , ការធ្វើជម្រាល, ការបំពាក់ឧបករណ៍ , ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែង លំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។
ទី៨- ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មាន ស្តីពីការរាតត្បាតនិងវិធីសាស្រ្តការពារជំងឺកូវីដ១៩ ដើម្បីមនុស្ស គថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕