ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ព្រមានអ្នកចង់ធ្វើបាតុកម្មមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា កុំមករញ៉ែរញ៉ៃ ព្រោះពលរដ្ឋកំពុងរងគ្រោះទឹកជំនន់

បន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានព្រមានធ្ងន់ៗទៅកាន់អ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណៈអ្នកបញ្ជាឲ្យធ្វើបាតុកម្មនេះ កំពុងស្ថិតនៅក្រៅប្រទេស។ សារព្រមានរបស់សម្ដេចតេជោ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ពេលនេះ ម៉ោងនេះ កម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ដូច្នេះហើយមិនអត់ឱនឲ្យក្រុមណាទាំងអស់ ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងនឹងអ្វីមួយ ព្រោះកងកម្លាំងប្រដាប់អាវុធទាំងអស់ កំពុងតែរវល់សង្គ្រោះពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជិតដល់ថ្ងៃទី២៣ ខែតុលា គេចង់ធ្វើបាតុកម្មខ្ញុំសូមផ្ដាំអ្នកដែលចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង។ គេកំពុងតែទឹកលិចកុំមករញ៉ែរញ៉ៃវ៉ើយប្រាប់ឲ្យហើយ និយាយគ្នាស្ដាប់ឲ្យបានតិចថា ខន្ដីញោម»។

សម្ដេចតេជោ បានអះអាងថា សម្ដេចដឹងច្បាស់អំពីផែនការរបស់ក្រុមដែលមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនេះ ហើយក្រុមនេះមានអ្នកបញ្ជា និងដឹកនាំនៅក្រៅប្រទេស ដែលប្រើគ្រប់វិធីដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មិនទុកឲ្យក្រុមនេះ ធ្វើអ្វីសម្រេចតែអំពើចិត្តនោះដែរ។

សម្ដេចបានគូសបញ្ជាក់ «ខ្ញុំសូមជម្រាបថា មុខសញ្ញាដែលប្រុងឡើងមកភ្នំពេញ ឥលូវគេមិនសូវយកអ្នកនៅភ្នំពេញ គេរើសអ្នកមកពីខេត្ត ដើម្បីមកឈរធ្វើបាតុកម្ម មុខសញ្ញាអ្នក ឯងគេគ្រប់គ្រងបានហើយ ផ្ដាំផ្ញើទៅកុំមកដាក់ញាត្តិអីថ្ងៃទី២៣ ខែតុលា»។

គួរជម្រាបថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធកិច្ចព្រមព្រៀងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅពេលនេះ កំពុងមានវត្តមាននៅកន្លែងសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ចុះអ្នកដែលធ្វើចង់បាតុកម្មនៅថ្ងៃទី២៣ ខែតុលា មកកិច្ចព្រមព្រៀងនេះ មកសំអាងអ្វីដែរ។

សម្ដេចតេជោ បានចោទសួរក្រុមនោះថា «តើស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសច្បាស់ឬទេ?» បើអ្នកចរចារកិច្ចព្រមព្រៀងទីក្រុងប៉ារីស កំពុងសង្គ្រោះពលរដ្ឋ។ សម្ដេចចាត់ទុកថា ក្រុមនេះកំពុងប្រព្រឹត្តទង្វើឆ្កួតឡប់ ដែលដើរធ្វើបាតុកម្មក្នុងប្រទេសផង ក្រៅប្រទេសផង ខណៈក្រុមនោះកំពុងប្រជុំនៅក្រៅប្រទេស សម្ដេចបានទទួលរបាយការណ៍នៅរាជធានីភ្នំពេញ បាត់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ហើយរាជរដ្ឋាភិបាលកំពុងសង្គ្រោះពលរដ្ឋពីស្ថានភាពនេះផង និងទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩ ផង សូមកុំមករញ៉ែរញ៉ៃឲ្យសោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *