ព័ត៌មានជាតិ

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ ដែល​កំពុង​ទទួលរង​ការ​ជន់​លិច ដើម្បី​បង្ការ​កុំ​ឲ្យ​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត


​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ ដែល​កំពុង​ទទួលរង​ការ​ជន់​លិច និង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត និង​បាន​ស្នើសុំ​ការ​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការបិទផ្លូវ​មួយចំនួន មិនឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​ថ្ងៃ​សុក្រ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ដែល​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ​២២ ផ្លូវ​លេខ​៤១ និង​ផ្លូវជាតិ​លេខ​៤ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ អាជ្ញាធរ​ដែនដី និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជំនន់​ទឹកភ្លៀង​បាន​បន្ត​វាយលុក​យ៉ាងខ្លាំង​នៅ​បណ្តា​ខេត្ត​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់​បាន​បាត់បង់​អាយុជីវិត បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ និង​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព បញ្ហា​នេះ​បាន​បង្ក​ជា​ក្តីបារម្ភ​ថា​៖ គ្រោះធម្មជាតិ​នេះ​នាំ​ឲ្យ​មានការ​ខូចខាត​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង រង​ឥទ្ធិពល​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ស្រាប់​ទៅហើយនោះ​។

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ឲ្យ​ដឹងថា​៖ ជំនន់​ទឹកភ្លៀង​នេះ​បង្កឡើង​ដោយ​ព្យុះ​ឈ្មោះ ណា​ង​កា និង​ព្យុះ​មួយទៀត​ឈ្មោះថា​សូ​ដែល បង្កើតជា​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​លាតសន្ធឹង​មកលើ​កម្ពុជា បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់​ចំនួន​១០១​ខ្សែ មាន​ចំនួន​២៤៩​កំណាត់ និង​មាន​ប្រវែង​សរុប​ចំនួន ៣២៤,២៩ គីឡូម៉ែត្រ​ត្រូវបាន​ទទួលរង​នូវ​ការលិចលង់ ក្នុងនោះ​រួមមាន​៖ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​បណ្ដា​ផ្លូវជាតិ​សំខាន់ៗ​ជាច្រើន​ខ្សែ​ថែមទៀត​ផងដែរ​។

​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ រាជធានី ខេត្ត​ចំនួន​១៧ បានទទួល​រង​នូវ​ការ​ជន់​លិច​រួមមាន​៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កែប កំពង់ចាម កំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ រាជធានី​ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ ស្វាយរៀង សៀមរាប រតនគិរី តាកែវ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។
​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​ផ្លូវ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សាងសង់ ដែល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​៣ យក​ដុំថ្ម​និង​បាវ​ខ្សាច់​មក​ទប់ទឹក​ដែល​កំពុង​ហូរ​ច្រោះ​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៣ នៅ​កំពង់ទួល ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​កុំឱ្យ​ទឹក​ហូរ​កាត់ផ្ដាច់​ផ្លូវ បង្ក​ការ​ជន់​លិច​ទៅដល់​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង ឋិត​នៅ​ខាងក្រោម​ផ្លូវ​។​
​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង នឹង​ចុះ​ធ្វើបញ្ជី​ប៉ាន់ស្មាន​ចំពោះ​ទំហំ​ការខូចខាត​ផ្លូវថ្នល់​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្នើសុំ​កញ្ចក់​ថវិកា​យកមក​ជួសជុល នៅពេល​ទឹក​ស្រក​ទៅវិញ​ភ្លាម​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ​ដែល​កំពុង​ទទួលរង​ការ​ជន់​លិច និង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត និង​បាន​ស្នើសុំ​ការ​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការបិទផ្លូវ​មួយចំនួន មិនឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​ដោយឡែក ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងពេល​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​របស់ខ្លួន​ក្នុង ពេល​ទឹកជំនន់​កំពុង​វាយប្រហារ ជាពិសេស​សុខភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវ​ទទួលទាន​ទឹកស្អាត ដើម្បី​ចៀសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *