អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទចរាចរណ៍ផ្លូវជាតិលេខ៤ តាំងពីចំណុចផ្សារបែកចាន រហូតដល់ចំណុចអូឌឹម ដោយសារទឹកហូរកាត់ផ្លូវខ្លាំងពេក
(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា៖ នាល្ងាចថ្ងៃទី១៥ ខែតុលានេះ ដោយសារស្ថានភាពទឹក នៅបន្ដហូរកាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន តំាំងពីផ្សារបែកចាន ដល់ចំណុចអូឌឹម។
បើតាមសេចក្ដីរាយការណ៍ ប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយរថយន្ដទាបៗ ឬម៉ូតូពេលខ្លះធ្វើដំណើរឆ្លងកាត់មិនបានឡើយ។ ការជន់លិចផ្លូវនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃ។
ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទឹកបន្ដជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចំណុចអូឌឹម រហូតជិតដល់មុខតំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់បងប្អូនដែលគ្រោងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចេញ ឬចូលភ្នំពេញ សូមវៀងតាមផ្លូវផ្សេងដែលធ្វើដំណើរបាន៕ដោយ% ទូច រ៉ាវុធ