ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានចេញលិខិតមួយច្បាប់ដោយជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក្នុងការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលសម្រាប់ទប់ស្កាត់ ការចម្លងជំងឺគ្រុនផ្តាសាយធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមទីវត្តអារាមក្នុងឱកាសបុណ្យកានបិណ្ឌនិងភ្ជុំបិណ្ឌនេះ។
លោករដ្ឋមន្ត្រីបានចេញលិខិតបែបនេះដោយយោងតាមស្ថានភាពនៃការចម្លងជំងឺគ្រុនផ្តាសាយធំ ដែលតែងតែកើតមាននៅតាមទីវត្តអារ៉ាម។
លោករដ្ឋមន្ត្រីសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
លោកម៉ម ប៊ុនហេងបានបញ្ជាក់បន្ថែមទៀតថា” ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញ ភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ណាមួយនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ខ្ញុំសូមបន្តធ្វើការក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ទាំងអស់ សូមយកចិត្តទុកដាក់ជាបន្តទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយជារឿយៗរួចមកហើយ ដោយឡែក ក្រសួងបានសង្កេតឃើញថាកន្លងមកនេះ មានការចម្លងជំងឺគ្រុនផ្តាសាយធំនៅតាម ។ ទីវត្ត អារាម ដូចជា នៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងក្នុងពេលថ្មីៗនេះ នៅខេត្តបាត់ដំបង ដែលមានព្រះសង្ឃ ជាច្រើនអង្គ/នាក់ មានអាពាធដោយមានរោគសញ្ញាដូចជា ក្ដៅព្រះកាយលើសពី ៣៧,៥អង្សារសេ ក្អក និងហៀរសំបោរជាដើម ដែលកន្លងមក លទ្ធផលនៃការវិភាគមន្ទីរពិសោធន៍បានបង្ហាញថា ជាជំងឺគ្រុន ផ្តាសាយធំ ហើយក្រសួងក៏បានសង្កេតមើលឃើញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការ សុខាភិបាលនៅតាមទីវត្តអារាមមួយចំនួនផងដែរ”។
ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសាជាថ្មី និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជាពិសេស ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារព្រះកាយការពារខ្លួនលោកអ្នក និងក្រុមគ្រួសារពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយត្រូវបន្តយកចិត្តទុកដាក់អនុវត្ត ៖
១). រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាង សម្អាតទៅប៉ះផ្ទៃមុខ មាត់ ឬច្រមុះ។
២) , ពាក់ម៉ាស ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាសជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម។ ជួបជុំពុទ្ធបរិស័ទ និងពេលសម្តែងព្រះធម៌ ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនីមួយៗ)។
៣). រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។
៤) ព្រះសង្ឃអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្តាសាយ ឬមិនស្រួលខ្លួន ត្រូវសម្រាកនៅក្នុងកុដី ឬនៅក្នុងទីកន្លែងដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅ ក្នុងទីកន្លែងណាមួយនៃវត្តអារាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
៥ ) ត្រូវចៀសវាងការពុលចំណីអាហារ ដោយរក្សាអនាម័យចំណីអាហារ និងទុកដាក់អាហារឆ្អិនឬឆៅ ឲ្យនៅ ដាច់ដោយឡែកពីគ្នា និងត្រូវឆាន់ ឬពិសារទឹកដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ៕ ដោយ៖កូឡាប