ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីព្រឹក ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ ១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន ៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលឲ្យដួល និងជ្រុះអាវុធ នៅលើថ្នល់រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋ ទៅទិសខាងកើត ហើយត្រូវបានកម្លាំងនគរបាលហ៊ុមព័ទ្ធចាប់ជនល្មើសបាន ១នាក់ ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញ ។
ជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕