មានរឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យស្រណោះទៀតហើយ បន្ទាប់ពីបានដឹងថាពលករខ្មែរចំនួន ១១ នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ដោយឲ្យលុតជង្គង់ក្រាបលើដីដូចអ្នកទោសអ៊ឹចឹង។
យោងតាមកាសែតភាសាថៃ 77kaoded បានចុះផ្សាយឲ្យដឹងថា កងកម្លាំងប៊ូរ៉ាផាថៃ និងមន្ត្រីត្រួតពិនិត្យប្រចាំតំបន់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានចុះបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ពីប្រទេសជិតខាង ពិសេសគឺពលករចំណាកស្រុកមកពីកម្ពុជា ដែលបានលួចចូលទីក្រុងដោយខុសច្បាប់ ក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ១៩ ស្ថិតតាមបណ្តោយផ្លូវលេខ ៣១៩៧ ក្នុងស្រុកវ៉ាតថាណា ណាកន ខេត្តស្រះកែវ។
កាសែតខាងលើនេះបានបន្តឲ្យដឹងថា នៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក កម្លាំងសមត្ថកិច្ចថៃ បានធ្វើការត្រួតពិនិត្យផ្តោតទៅលើរថយន្តឆ្លងកាត់តាមបណ្តោយផ្លូវ ៣១៩៧ និងបានធ្វើការឃាត់រថយន្ត២គ្រឿង ។ ប៉ុន្តែ ភ្លាមៗនោះ អ្នកបើកបរ និងកម្មករមួយចំនួន បានរត់គេចខ្លួនចូលព្រៃតែម្តង។ ដោយឡែកមេខ្យល់រត់ចូលព្រៃបាត់ស្រមោល។ទោះយ៉ាងណា ពលករខ្មែរចំនួន ១១ នាក់ (ប្រុស ១០ នាក់ និងស្រី១នាក់) ត្រូវបានចាប់ខ្លួន។ ចំណែករថយន្ត Nissan ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ 1TW-4541 Bangkok និងរថយន្ត Toyota ១គ្រឿងទៀត ពាក់ផ្លាកលេខ 2T-1972 Bangkok ក៏ត្រូវបានសមត្ថកិច្ចថៃ នាំយកទៅប៉ុស្តិ៍ប៉ូលិសវ៉ាតថាណា ណាកន ដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការទៅតាមផ្លូវច្បាប់៕