ព្រៃវែង ៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ស្រាវជ្រាវរកឃើញ និងបានធ្វើការអប់រំណែនាំ និងនាំខ្លួនត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញផងដែរ។
នគរបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសទាំង២នាក់នេះ ទី១.ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២.ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។
សូមបញ្ជាក់ជូនថា មនុស្សទាំង២នាក់ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៣ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។ កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបទាំងអស់ចំនួន២៤១ អ្នកកំពុងសម្រាកព្យាបាល មានចំនួន៤១នាក់។ចំណែកអ្នកជាសះស្បើយ មានចំនួន២០០នាក់៕