រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦ម៉ឺន ៨ពាន់ (៦៦៨,០០០) ដូសទៀត បានដឹកមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ គ្រាដែល រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។
វ៉ាក់សាំងដែលដឹកមកដល់កម្ពុជា នាយប់នេះ គឺជាលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងចំនួន ៣៣ម៉ឺន ២ពាន់ ( ៣៣២, ០០០)ដូស រួចមកហើយ។ ជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកជាច្រើនជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែង ក្នុងពេលប្រគល់ និងទទួលវ៉ាក់សាំង កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ ថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូសនេះ គឺធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកឯកអគ្គរាជទូត ជប៉ុន ប្រចាំនៅកម្ពុជា បានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា ផងដែរ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយស្មើនឹងទឹកប្រាក់សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជា។ អំណោយទាំងនោះ រួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ទៀតថា រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយវ៉ាក់សាំង ចំនួន១ លានដូសរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននេះ ជាសក្ខីកម្មមួយថ្មី ដែលបានឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌, សន្តានចិត្តជ្រាលជ្រៅ និងការទទួលខុសត្រូវខ្ពស់របស់ជប៉ុន ក្នុងការជួយគាំទ្រប្រទេសដែលធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕