ព្រះសីហនុ ៖ ជនជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា ក្នុងម៉ាតមួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យជនរងគ្រោះរងរបួស តែមិនបាត់បង់សម្ភារ ឬទ្រព្យសម្បត្តិអ្វីឡើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាព។
ដោយប្រើប្រាស់វិធានការជំនាញ ជនដៃដល់៣នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពប្រមាណ៤ម៉ោង ពោលជនសង្ស័យត្រូវចាប់បាននៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
ជនដៃដល់ទាំង៣នាក់ ទី១. ឈ្មោះ YANG BAO QIANG អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ប្រើកាំប៉ិតចាក់ទៅលើជនរងគ្រោះ), ទី២. ឈ្មោះ XU DONG PING អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ) និងទី៣. ឈ្មោះ LI PEN អាយុ២៩ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត)។
ខណៈជនរងគ្រោះឈ្មោះ XU SHENXIANG អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រងរបួសធ្ងន់ ត្រង់បាតដៃខាងស្តាំ, ម្រាមដៃកណ្តាល, ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចិន ប៉ាយឈៀវ។
តាមចម្លើយរបស់ជនសង្ស័យ មូលហេតុដែលពួកគេធ្វើសកម្មភាពប្លន់ ព្រោះខ្វះខាតប្រាក់ចាយវាយ ទើបបបួលគ្នារៀបចំគម្រោងចេញប្លន់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕