ព័ត៌មានជាតិ

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​៦៧​ឆ្នាំ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​នៅលើ page facebook ព្រះបរមរាជវាំង​បាន​រៀបរាប់ថា ជនរួមជាតិ​ជាទី​ស្នេហា​!

​ក្នុង​ជីវភាព​ប្រទេសជាតិ​នីមួយៗ គ្មានអ្វី​ឲ្យ​មានតម្លៃ​ជាង​​ឯករាជ្យ​ទេ ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លៃថ្នូរ និង​​សុភមង្គល​ទាំងទ្បាយ​ដ៏ទៃទៀត ។​

​អាវុធ​ដ៏​សំខាន់​ជាងគេ​សម្រាប់​កសាង និង​ការពារ​ឯករាជ្យ​​និង អនាគត​យើង​ពុំមែន​គ្រឿង​យោធបរិក្ខា​ដ៏​ស្តួចស្តើង គួរ​ឲ្យ​វេទនា​របស់​កងទ័ព​យើង​នោះទេ ។ អាវុធ​នោះ គឺ ការរួបរួម​ចង​គ្នា​ជា​ធ្លុង​មួយ​នៃ​យើង​នេះឯង ។​

​ខ្ញុំ​ជឿជាក់ថា ការរួបរួម​គ្នា​របស់​យើង​ជា​ធ្លុង​មួយ​នេះ​​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង និង​ឯករាជ្យ​យើង​ឲ្យ​ឆ្លង​សមុទ្រ​គ្រោះថ្នាក់ ដែលមាន​នៅមុខ​យើង​នេះ បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល ។​

​ជយោ ! កម្ពុជា​ឯករាជ្យ !

​រាជធានី​ភ្នំពេញ​ថ្ងៃទី​០៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​១៩៦២

​ព្រះរាជឱង្ការ​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

​ព្រះរាជ​បូនីយកិច្ច​សង្ខេប នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងកា​ទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋ​បារាំង យ៉ាង​លំបាក​ជូន​ដល់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា ។

​ក្រោម​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ដ៏​ពេញលេញ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។ ប្រទេស​កម្ពុជា​ក្រោយពី​ទទួលបាន​ឯករាជ្យ ដោយមាន ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​ព្រះ​អគ្គម​គ្គុ​ទ្ទេស​ដ៏​ឆ្នើម​បាន​ដឹកនាំ​កម្ពុជា​ប្រកបដោយ​សុខសន្តិភាព និង​ភាព​រីកចម្រើន លើ​គ្រប់​វិស័យ ក្រោម​ព្រះរាជ​ត​ម្រិៈ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ព្រះបិតា​ស្ថាបនិក សម័យ​សង្គមរាស្ត្រនិយម រហូត​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់ និង​ប្រសិទ្ធិ​នាម​ព្រះរាជាណាចក្រ​កម្ពុជា ថា កោះសន្តិភាព​នា​អា​សុ​ី​អាគ្នេយ៍ ។

​កូនចៅ​ប្រជានុរាស្ត្រ​កម្ពុជា​គ្រប់ៗ​រូប​សូម​ចងចាំ និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា ៕​ដោយ​៖​ទូច រ៉ាវុធ


adm

Leave a Reply

Your email address will not be published. Required fields are marked *